ខេត្តព្រះវិហារ ៖ ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងបន្តសកម្មភាពរុករក និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងបរិវេណប្រាសាទព្រះវិហារ ។
ជាក់ស្តែងបើយោងតាមផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជា -AKP បានប្រកាសនាថ្ងៃរសៀលទី៥ ខែមីនា ឆ្នាំ២០២៦ថា ៖ ក្រុមការងារ CMAC បាន និងកំពុងបន្តរុករកសំណល់ជាតិផ្ទុះ នៅប្រាសាទព្រះវិហារ ដែលបន្សល់ដោយទាហានឈ្លានពានថៃ ។
នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាននិងកំពុងធ្វើការរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ស្ថិតនៅលើជួរភ្នំដងរែក ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្ទាប់ពីសង្គ្រាមឈ្លានពានថៃ នាពេលកន្លងមក ។

សូមជម្រាបជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើកថៃបានធ្វើការបាញ់ផ្លោង និងទម្លា.ក់គ្រា.ប់បែកមិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យខូចខាតនូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ ដែលក្នុងនោះ ប្រាសាទព្រះវិហាររបស់ខ្មែរបានរងការខូចខាតជាទម្ងន់ ។
ថ្មីៗនេះផងដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើង ដើម្បីបោកប្រាស់មតិអន្តរជាតិរបស់អ្នកការទូតជាន់ខ្ពស់ថៃដែលចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា ៕


ចែករំលែកព័តមាននេះ