ខេត្តកំពង់ស្ពឺ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់ត្រូវបានម្តាយដាច់ចិត្តដាក់ពាក្យបណ្តឹងឱ្យនគរបាលឃាត់ខ្លួន ខណៈដែលកូនប្រុសចិត្តតិរច្ឆានរូបនោះ មួរម៉ៅធុញថប់ក្នុងខ្លួនស្ទុះទៅទាញកាំបិតផ្គាក់វាយបំផ្លិចបំផ្លាញសម្ភារ និងទ្រព្យសម្បត្តិក្នុងគ្រួសារអស់ជាច្រើន មិនតែប៉ុណ្ណោះបានគំរាមសម្លាប់ឪពុកម្តាយថែមទៀតផង។
ករណីហិង្សារក្នុងគ្រួសារដែលបង្កឡើងដោយកូនប្រុសបង្កើតធ្វើឲ្យខូចខាតសម្ភារទ្រព្យសម្បត្តិក្នុងគ្រួសារ និង គំរាមសម្លាប់ឪពុកម្ដាយថែមទៀតនោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅក្នុងភូមិស្ដុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា នៅមុនពេលឈានទៅធ្វើការឃាត់ខ្លួនកូនប្រុសបង្កើតចិត្តតិរច្ឆានខាងលើនេះគឺ នៅវេលាម៉ោង០៣និង៣០រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឈ្មោះ សួស ស្រៀង ភេទស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិស្ដុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច(ជាម្តាយ) បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំតាំងសំរោង នៃស្រុកភ្នំស្រួចដើម្បីជួយអន្តរាគមន៍ ដោយ ប្ដឹងឈ្មោះ ឆេង គន្ធា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ត្រូវជាកូនបង្កើត។
បើតាមការរៀបរាប់ពីស្ត្រីជាម្តាយខាងលើថា កាលពីវេលាម៉ោង០១និង៣០រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ កូនរបស់គាត់ ឈ្មោះ ឆេង គន្ធា បានយកកាំបិតផ្គាក់កាប់និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះមានដូចជា៖ តុ ទូ កៅអី ចានឆ្នាំង និងរបស់របរប្រើប្រាស់ផ្សេងទៀតនៅក្នុងផ្ទះ មិនតែប៉ុណ្ណោះកូនប្រុសខាងលើបានប្រេីពាក្យសម្តីគំរាមសម្លាប់ឪពុកម្តាយ ថែមទៀតផង ដោយទ្រាំនូវទង្វើររបស់កូនប្រុសលែងបានម្តាយក៏សម្រេចចិត្តដាក់ពាក្យប្តឹងតែម្តង។
នគរបាលស្រុកភ្នំស្រួចបានបន្តឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយរួចមក កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំតាំងសំរោង នៃស្រុកភ្នំស្រួចបានចុះទៅធ្វើការឃាត់ខ្លួនកូនប្រុសខាងលើ សួរនាំ ជនសង្ស័យជាកូនបានឆ្លើយសារភាពថាមូលហេតុដែលរូបគេយកកាំបិតផ្គាក់វាយ និងកាប់សម្ភារទ្រព្យសម្បត្តិក្នុងផ្ទះនេះ មកពីរូបខ្លួនមានអារម្មណ៍មួរម៉ៅ ធុញថប់ក្នុងខ្លួន ទើបឈានដល់វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងគំរាមសម្លាប់ឪពុកម្ដាយតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ