ខេត្តព្រៃវែង ៖ មានឈ្មួញវៀតណាមដឹកជីកសិកម្មគ្មានយីហោ តាមទូកប៉ុកចាយ១គ្រឿងមកចតនៅមាត់កំពង់ភូមិពាមទារួចលើកដាក់លើរថយន្តវ៉េអងដឹកតាមផ្លូវក្រវ៉ាត់ព្រំដែនហើយបត់តាមប៉ុស្តិ៍ច្រកទ្វារព្រំដែនស្វាយអាង៉ោងឆ្ពោះទៅផ្សារកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សង្ស័យជាទំនិញគេចពន្ធដោយពុំមានឃើញសមត្ថកិច្ចណាមកពិនិត្យទេ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី១៦មករា២០២៦ នៅចំណុចមាត់កំពង់ភូមិពាមទាឃុំពាមទាស្រុកកំពង់ត្របែក។
បើតាមសមត្ថកិច្ចប៉ុស្តិ៍ព្រំដែនពាមទា បានឲ្យដឹងថា រថយន្តដឹកជីកសិកម្ម១គ្រឿងប្រភេទវ៉េអង ក្បាលសណ្តោងពាក់ស្លាកលេខភ្នំពេញ3E-6889 រឺម៉កពាក់ស្លាកលេខត្បូងឃ្មុំ4A-0023 ផ្ទុកជីកសិកម្មប្រមាណ៥០តោន។
ប្រភពបន្តថា បើតាមការពិនិត្យមើលលើសំបកបាវគឺគ្មានស្លាកយីហោទេ ខណៈដែលកម្មករលើកពីទូកវៀតណាមឡើងលើរថយន្តពុំឃើញមានសមត្ថកិច្ចមន្ត្រីជំនាញមន្ទីរកសិកម្មណាម្នាក់មកពិនិត្យដែរគឺដឹកចេញដោយសុវត្ថិភាព។
បើតាមមហាជនដែលរស់នៅទីនោះបានប្រាប់កោះស ន្តិភាពថា គេឃើញឈ្មួញវៀតណាមដឹកជីកសិកម្មនេះមកចតនៅកំពង់ពាមទារាល់ថ្ងៃ ហើយស្ទូចដាក់លើទររួចឲ្យកម្មករលើកដាក់លើរថយន្តបន្ត ។
បន្ទាប់មកបានទាញប៉ាតង់គ្របជិតដឹកឆ្ពោះទៅប៉ុស្តិ៍ច្រកទ្វារព្រំដែនស្វាយអាង៉ោងបន្តទៅកាន់ផ្សារកអណ្តើកស្រុកកំពង់ត្របែក។ ប្រភពបន្តថា នៅច្រកទ្វាព្រំដែនស្វាយអាង៉ោងក៏មានឈ្មួញវៀតណាមដឹកជីកសិកម្មយីហោផ្កាយ៥ តាមម៉ូតូ ឆ្លងដែនមកទម្លាក់ផ្ទេរដាក់លើរ៉ឺម៉កដឹកយកទៅដាក់ក្នុងឃ្លាំងមួយកន្លែងនៅជិតផ្សារកអណ្តើក ដោយជញ្ជូនដូចសត្វកណ្តៀរមិនឃើញមានសមត្ថកិច្ចណាអើពើរឡើយ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានទេ រហូតមកដល់រសៀលថ្ងៃទី១៧ មករា ២០២៦នេះដោយទូរសព្ទ័ចូលហើយគ្មានមនុស្សលើក ។
ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ