រាជាធានីភ្នំពេញ ៖ អាជ្ញាធរដែនដីពន្យល់ពីការប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងបង្ករការកកស្ទះចរាចរណ៍ ខណៈអាជីវករផ្សារដើមគរខ្លះបន្តបិទផ្លូវ និងមិនព្រមទៅទីតាំងថ្មី ។ នេះបើយោងតាមផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP បានប្រកាស នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ។
លោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំក្រុមការងារអាជ្ញាធរដែនដី ចុះធ្វើការសម្របសម្រួល និងពន្យល់ណែនាំដល់បងប្អូនអាជីវករ ក្នុងគោលបំណងបើកផ្លូវឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរឡើងវិញ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ ដោយស្ថានភាពនៅតាមបណ្ដោយផ្លូវមុន្នីរ៉េត ត្រង់ចំណុចសង្កាត់ផ្សារដើមគរ ក្នុងខណ្ឌទួលគោក ត្រូវបានក្រុមអាជីវករបានបន្តការតវ៉ាបិទផ្លូវ ដើម្បីទាមទារសិទ្ធិលក់ដូរនៅទីតាំងដដែល។
មានអាជីវករចំនួនច្រើន បានយល់ព្រមរើទៅកាន់ទីតាំងថ្មី ខណៈអាជីវករមួយចំនួនទៀតបានតវ៉ា ដោយក្រុមអាជីវករបានលើកឡើងនូវមូលហេតុចម្បងថា ពួកគាត់មិនចង់ចាកចេញទៅលក់នៅផ្សារដើមគរថ្មីនោះទេ ដោយសារទីតាំងថ្មីមានចម្ងាយឆ្ងាយ ដែលអាចធ្វើឱ្យការលក់ដូរមិនដាច់ និងប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ ។
សូមបញ្ជាក់ថា ការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ និងការរំលោ.ភយកផ្ទៃផ្លូវរហូតដល់ពាក់កណ្ដាលទ្រូងផ្លូវ នាពេលកន្លងមក បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ នៅបណ្តោយផ្លូវនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ និងបាត់បង់សោភ័ណ្ឌភាពរាជធានីភ្នំពេញ ៕

ចែករំលែកព័តមាននេះ