ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦នាក់ចាប់បង្ខាំងស្ត្រីម្នាក់ព្រោះតែរឿង​លុយ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៦​នាក់​ជាប់ចោទ​ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​ដើម្បី​ជំរិត​ទារប្រាក់​ពី​ជនជាតិ​វៀតណាម​ដូច​គ្នា​ខ្ចីប្រាក់​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ ហើយ​ចាញ់​អស់​គ្មាន​ប្រាក់​សង​។ ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ឆ្នាំ​២០១៩ មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​នៅ​ក្នុង​បន្ទប់​លេខ​៧ ស្ថិត​នៅ​ភូមិ​បា​វិតកណ្តាល…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៦​នាក់​ជាប់ចោទ​ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​ដើម្បី​ជំរិត​ទារប្រាក់​ពី​ជនជាតិ​វៀតណាម​ដូច​គ្នា​ខ្ចីប្រាក់​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ ហើយ​ចាញ់​អស់​គ្មាន​ប្រាក់​សង​។

ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ឆ្នាំ​២០១៩ មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​នៅ​ក្នុង​បន្ទប់​លេខ​៧ ស្ថិត​នៅ​ភូមិ​បា​វិតកណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ មាន​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ​ឡេ​ន តាំង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ បាន​ទូរ​ស័ព្ទ​រាយការណ៍​មក​លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ថា នៅផ្ទះ​ជួល​របស់​គាត់​បន្ទប់​លេខ​៧ មាន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ជា​ច្រើន​នាក់​ចេញចូល​ក្នុង​បន្ទប់​នេះ​ខុស​ពី​ធម្មតា​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​យ័ន្ត សេង នាយ​រង​សេនាធិការ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ករណី​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​នៅ​បន្ទប់​លេខ​៧ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល ហើយ​បាន​ធ្វើការ​ឆែកឆេរ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៧​នាក់​រួច​បាន​នាំ​ខ្លួន​ទៅ​ទីបញ្ជាការដ្ឋាន​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ដើម្បី​សាកសួរ​។ ក្នុង​នោះ​មាន​ជនសង្ស័យ​​ចំនួន​៦​នាក់ និង​​ស្ត្រី​​រង​គ្រោះ​​ម្នាក់​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​តាម​ជនសង្ស័យ​ទាំង​៦​នាក់​បាន​ឆ្លើយ​សារភាព​ថា ការ​ចាប់​បង្ខាំង​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​នេះ គឺ​ដោយសារ​ជន​រង​គ្រោះ​បាន​ជំពាក់​លុយ​ពួក​ខ្លួន (​យក​លុយ​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ចាញ់​អស់ហើយ​មិន​មាន​លុយ​សង​) ។ ហេតុនេះ​ពួក​ខ្លួន​ជា​ម្ចាស់បំណុល​បាន​ចាប់​បង្ខាំង​ជន​រង​គ្រោះ​ទុក​ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ទាក់ទង​ទៅ​បងប្អូន​យក​លុយ​មក​លស់ ។

ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​នេះ​រួម​មាន ១-​ឈ្មោះ​ឡេ វ៉ា​ន់​ថាំង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​ជនជាតិ​វៀត​ណាម ២-​ឈ្មោះ​ង្វៀ​ង អា​ញ​ទុង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម​មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ​ឡេ វ៉ា​ន់​ដាំង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៤-​ឈ្មោះ​ឡេ វ៉ា​ន់​ត្រុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រាកដ (​អ្នក​ទាំង​៤​នាក់​មាន​ទីលំនៅ​បច្ចុប្បន្ន​ឃុំ​ហូប​ទៀន ស្រុក​មី​ឌិ​ក ក្រុង​ហាន​ណូ​យ​ ប្រទេស​វៀតណាម​)​។

៥-​ឈ្មោះ​ត្រឹង ត្រុ​ង​ធឿ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ខេត្ត​ក្វា​ង​និ​ញ ប្រទេស​វៀតណាម និង​៦-​ឈ្មោះ​ហ្វា​ង វ៉ា​ន់​ហ៊ុយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​កិន​វ៉ា ស្រុក​វ៉ាង​ត្រឹង ខេត្ត​ក្វា​ង​ប៉ិន ប្រទេស​វៀតណាម ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ង្វៀ​ង ធី​ធូ​ហ្វឿ​ង ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ រស់នៅ​ភូមិ​វ័​រ​ចាយ ឃុំ​វ័​រ​ចាយ ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ​។

បច្ចុប្បន្ន ជនសង្ស័យ​និង​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ