ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវនារីជាសង្សាររបស់ខ្លួន ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ក្រោយបង្ខិតបង្ខំឲ្យរំលូតកូនហើយ យកកងដៃនាងទៅលក់ទៀត រួចគំរាមសម្លាប់ និងគំរាមផុសរូបដេកជាមួយគ្នាលើបណ្តាញសង្គម ។
ការគំរាមខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩និង២៥នាទីព្រឹក ស្ថិតនៅភូមទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ហើយត្រូវ សមត្ថកិច្ចឲ្យឃាត់ខ្លួនបានកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ។
សមត្ថកិច្ចស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចេវ សូនី ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិអាយាន ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ និងដកហូតបានទូរសព្ទ ០១គ្រឿង ម៉ាក oppo ពណ៍ទឹកសមុទ្រ ។
ចំណែកជនរងគ្រោះឈ្មោះ បឿន នីត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា នៅក្នុងអំឡុងឆ្នាំ២០២៣ ជនរងគ្រោះ និងជនសង្ស័យបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហានឹងគ្នា រហូតដល់ឆ្នាំ២០២៤ ពួកគេទាំងពីរនាក់បានរួមរស់នៅជាមួយគ្នាក្នុងបន្ទប់រួមគ្នា។ ក្រោយពេលនៅជាមួយគ្នា បានមួយរយៈ ជនរងគ្រោះក៏ចាប់ផ្ដើមមានផ្ទៃពោះ តែជនសង្ស័យមានបំណងចង់គេចវេស មិនទទួលខុសត្រូវ បានប្រាប់ឲ្យជនរងគ្រោះយកកូនចេញនៅមន្ទីពេទ្យ។ លុះដល់វេលាកើតហេតុ ខណៈពេលសម្រាកនៅមន្ទីពេទ្យ ដើម្បីយកកូនចេញ ជនសង្ស័យ ពុំមានប្រាក់សម្រាប់បង់សេវាពេទ្យ និងចាយវាយផ្សេងៗឡើយ ជនសង្ស័យក៏បានខ្ចីកងដៃផ្លាកទីនពីជនរងគ្រោះទៅបញ្ចាំ។ ក្រោយពេលចេញពីពេទ្យវិញ ជនរងគ្រោះបានឆាត និងខលទៅសួរនាំ ជនសង្ស័យឲ្យទៅលួសយកកងដៃមកវិញ តែជនសង្ស័យ ចេះតែដោះសារ ហើយជនរងគ្រោះបានប្រាប់ថា បើមិនយកកងដៃមកវិញទេ និងទៅដាក់ពាក្យបណ្ដឹងហើយ រួចជនសង្ស័យបាននិយាយគំរាមទៅជនរងគ្រោះវិញថា បើសិនជាហ៊ានដាក់ពាក្យបណ្ដឹង គេនឹងសម្លាប់ជនរងគ្រោះ និងផុសរូបដែលពួកគេទាំងពីរនាក់ដេកជាមួយគ្នាលើបណ្ដាញសង្គម ។
ក្រោយមកជនរងគ្រោះ ក៏បានប្រាប់រឿងរ៉ាវទាំងឡាយទៅក្រុមគ្រួសារ រួចក៏ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។ បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញបានចេញលិខិតកោះហៅជនសង្ស័យ ដើម្បីទៅបំភ្លឺរឿងតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងជនរងគ្រោះ ជាសង្សារ ហើយបាននៅជាមួយគ្នាជាច្រើនលើកច្រើនសារ រហូតនាងមានផ្ទៃពោះ រួចយកកូនចេញពិតមែន។ ហើយបានបន្តសារភាពទៀតថា ខ្លួនបានយកកងដៃទៅបញ្ចាំ និងគំរាមសម្លាប់ និងគំរាមផុសរូបរបស់ជនរងគ្រោះពិតមែន ។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍កំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ