ក្រុមប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាព ស្រុកបាណន់ នាវេលារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងអនុវិទ្យាល័យបាណន់ ស្ថិតនៅជើងភ្នំបាណន់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានលោកសន្តិបណ្ឌិតសុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកបណ្ឌិត ភួ ពុយ តំណាងរាស្ត្រមណ្ឌលបាត់ដំបង ហើយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាគណអធិបតីព្រមទាំងមានមន្ត្រីរាជការសិស្សានុសិស្សយុវវ័យ ប្រមាណ២ពាន់នាក់មកចូលរួមផងដែរ ។
លោកប៉ែន សារីយ៉ូ អភិបាលស្រុកបាណន់បានមានមតិស្វាគមន៍ និងបានបញ្ជាក់ក្នុងគោលបំណាងដើម្បី ១- ផ្តល់ឱកាស និងបង្កើនទឹកចិត្តដល់យុវជន ចូលរួមលេងកីឡា និងចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ។ ២- បញ្ជ្រាបពីសារៈសំខាន់នៃការរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ ៣- លើកវិស័យកីឡាបាល់ទាត់ក្នុងស្រុក ។ ៤ – បង្កើនទំនាក់ទំនង រឹតចំណងសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុងស្រទាប់យុវជនបន្ថែមទៀត ។ ៥- គោលដៅរួមដើម្បីពង្រឹងសមត្ថភាពកីឡាករឆ្នើម សម្រាប់ចូលរួមអបអរសាទរកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកបណ្ឌិត ភួ ពុយ តំណាងរាស្ត្រមណ្ឌលបាត់ដំបងបានថ្លែងថា បន្ទាប់ពីផលស្រូវយើងបានទទួលផលរួចហើយ ជារៀងរាល់ឆ្នាំវិស័យសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើងៗបន្ថែមទៀត ដូច្នោះនេះជាកិច្ចចាប់ផ្តើមពង្រឹងវិស័យកីឡាបន្ថែមទៀត ថ្នាក់ស្រុកបាណន់ និងស្រុកថ្មគោលនេះ និងបន្តទៅតាមស្រុកផ្សេងទៀតទាំង១៣ស្រុក ក្នុងខេត្តបាត់ដំបង ដើម្បីជាចំណែកស្ពានមួយបន្តឆ្ពោះទៅរកភាពរីកចំរើននាពេលខាងមុខទៀត ដែលពិភពលោកយើងកំពុងត្រូវការផលប្រយោជន៍ទៅវិញទៅមកទាំងអស់គ្នា ។
ចំណែកលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកបាណន់បានចាប់អារម្មណ៍ថា យើងរួមគ្នាលើកស្ទួយជំរុញពង្រឹងបន្ថែមទៀតលើវិស័យកីឡាមិនមែនមានតែបាល់ទាត់ប៉ុណ្ណោះទេ យើងកំពុងរៀបចំលើវិស័យកីឡាប្រដាល់ កីឡាបេតង់ បាល់ទះ បាល់បោះ ប៉ែងប៉ុង វាយសី សំខាន់កីឡាអ្វីដែលធ្លាប់មាននៅក្នុងខេត្តបាត់ដំបងពីមុនក្នុងសម័យសម្តេចឪមកដែលធ្លាប់មានឈ្មោះល្បី ត្រូវប្រមូលស្រោចស្រង់យកមកវិញពង្រឹងហ្វឹកហាត់ឲ្យមានគុណភាព មានឈ្មោះល្បីដូចកាលសម័យដូនតាយើងឡើងវិញ ។
ចុងក្រោយលទ្ធផលបាល់ទាត់យុវជនស្រុកបាណន់បានទាត់ចូល២គ្រាប់នាពាក់កណ្តាលទីមុនមកនោះត្រូវបានក្រុមយុវជនស្រុកថ្មគោលទាត់ចូល២គ្រាប់វិញ ដោយទទួលបានលទ្ធផល ២ស្មើគ្នា ហើយក្រុមទាំងពីរនេះទទួលបានរង្វាន់ជាថវិកាមួយក្រុមចំនួន៥លានរៀល លោកគ្រូ និងអាជ្ញាកណ្តាលក្នុងម្នាក់៤០ម៉ឺនរៀលផងដែរ ៕
ចែករំលែកព័តមាននេះ