ខេត្តកំពត ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ក្នុងកែបម៉ូតូរបស់ជនសង្ស័យ ខណៈពេលកម្លាំងនគរបាលចរាចរណ៍បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍កាលពី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣-៣៤ លើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។

យុវជនជាជនសង្ស័យម្នាក់ខាងលើឈ្មោះងយ វលក្ខណ៍ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ ១C-២៤៧១ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈពេលកម្លាំងសមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នៅចំណុចខាងលើ ស្រាប់តែមានយុវជនជាជនសង្ស័យម្នាក់ខាលើបានបើកបរម៉ូតូមួយគ្រឿងមិនគោរពច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព ព្រមទាំងគ្មានកញ្ចក់ទៀត ។លុះពេលសមត្ថកិច្ចឃាត់ត្រួតពិនិត្យឆែកឆេរក្នុងកែបម៉ូតូបានប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់តូច និងទូរសព្ទដៃមួយគ្រឿង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនសង្ស័យម្នាក់ខាងលើទៅប្រគល់ជូនកម្លាំងផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ