ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ក្នុងករណីលួចមានស្ថានទម្ថន់ទោស (ធាក់យកម៉ូតូ) ។
ករណីធាក់យកម៉ូតូ កើតឡើងកាលពីវេលាម៉ោង០៥ និង៤០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូ ភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ជីវន្ត័ សីហា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងម៉ាស៊ីន ទីលំនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យ ចំនួន០៥នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ៖
១.ឈ្មោះ លី ឡុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់សាំង ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន មេក្លោងអ្នកជិះម៉ូតូជនរងគ្រោះ គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
២.ឈ្មោះ ស៊ាប រដ្ឋា ហៅជេម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលផាស់អាប់ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន អ្នកឌុប គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៣.ឈ្មោះ សៀង ឆាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួន អ្នកឌុប គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៤.ឈ្មោះ ឈួយ វ៉ាន់ថា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួន អ្នកជិះក្រោយ គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
ចំណែកឯ ទី៥.ឈ្មោះ ចេវ ភេទប្រុស អាយុ១៨ឆ្នាំ (មិនស្គាល់អត្តសញ្ញាណ) កំពុងរត់គេចខ្លួន ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងបន្តថា ជនរងគ្រោះ បាត់បង់ម៉ូតូ០១គ្រឿង ម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JQ-5211 ។
វត្ថុតាងចាប់យករួមមាន ៖
១.ម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ បិតតែមឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ1KQ-5911។
២.ម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ1LZ-8215។
៣.ទូរសព្ទចំនួន០៣គ្រឿង ក្នុងនោះម៉ាកអាយហ្វូនចំនួន០២គ្រឿង និងម៉ាកសាំសុង០១គ្រឿង (ជារបស់ជនសង្ស័យ)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ និងបក្ខពួកបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតមែន។ ហើយជនសង្ស័យ និងបក្ខពួកបានបន្តសារភាពទៀតថា មុនពេលធ្វើសកម្មភាព ជនសង្ស័យឈ្មោះ លី ឡុង ជាមេខ្លោងបានឆាតហៅមកផឹកស៊ីជុំគ្នា រួចទើបធ្វើសកម្មភាពរួមគ្នា ។ បច្ចុប្បន្នកម្លាំងជំនាញពាក់ព័ន្ធ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕








ចែករំលែកព័តមាននេះ