ខេត្តមណ្ឌលគិរី ៖ កម្លាំងជំនាញនៃផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរ បាលខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់)មួយកន្លែង ស្ថិតក្នុងស្រុកកែវសីមា ដោយដកហូតបានវត្ថុតាងជាច្រើន ខណៈក្រុមអ្នកញៀនល្បែងបានរត់គេចខ្លួនបាត់ស្រមោល។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

លោកស្រីវរសេនីយ៍ទោ ព្យុះ ចិន្ដា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្រោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសហការពីកម្លាំងជំនាញអន្តរាគមន៍ តម្រួតបទបញ្ជា បានចុះទៅដល់ទីតាំងកើតហេតុ ។

លោកស្រីបន្តថា ក្រុមអ្នកញៀនល្បែងដែលកំពុងប្រមូលផ្ដុំគ្នាជល់មាន់យ៉ាងពពាក់ពពូនបានដឹងខ្លួនជាមុន រួចក៏នាំគ្នាផ្អើលរត់គេចខ្លួនចូលព្រៃបាត់អស់ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ រួមមាន ១-ម៉ូតូចំនួន០៥គ្រឿង (ក្នុងនោះមានម៉ូតូអូសរម៉កចំនួន ០១គ្រឿង)។ ២-មាន់ជល់ចំនួន០៣ក្បាល។ ៣-អន្ដ្រកសម្រាប់ដាក់មាន់ជល់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញដកហូត និងនាំយកទៅរក្សាទុកនៅការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកឯជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ។

ការចុះបង្ក្រាបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីពង្រឹងគោលនយោបាយ«ភូមិ-ឃុំ មានសុវត្ថិភាព» និងធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕



ចែករំលែកព័តមាននេះ