ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃស្រូវ​ធ្លាក់​ខ្លាំង ធ្វើឲ្យកសិករ​ដាំ​ស្រូវ​សែន​ក្រអូប​ពន្យា​ពេល​ប្រមូល​ផល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​កន្លង​ទៅ​នេះ កសិករ​ដែល​បាន​ដាំ​ដុះ​ស្រូវ​តាម​បែប​រដូវ​កាល​បាន​ចាប់ផ្តើម​ធ្វើការ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​របស់​ខ្លួន​ជា​បណ្តើរ​ៗ ប៉ុន្តែ​មក​ដល់​ពេល​ថ្មី​ៗ​នេះ​កសិករ​មួយ​ចំនួន​បាន​ផ្អាក ឬ​ពន្យា​ពេល​ប្រមូល​ផល​ស្រូវ​ទៅ​វិញ ដោយសារ​ប្រភេទ​ស្រូវ​សែន​ក្រអូប​មួយ​នេះ​បាន​ធ្លាក់​ចុះថ្លៃ ធ្វើ​ឱ្យ​កសិករ​មិន​អាច​ទទួលយក​បានក៏​នាំ​គ្នា​រង​ចាំ​ក្រែង​តម្លៃ​ឡើងថ្លៃ​ប្រសើរ​ជាង​សព្វ​ថ្ងៃនេះ ។ ​ លោក…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​កន្លង​ទៅ​នេះ កសិករ​ដែល​បាន​ដាំ​ដុះ​ស្រូវ​តាម​បែប​រដូវ​កាល​បាន​ចាប់ផ្តើម​ធ្វើការ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​របស់​ខ្លួន​ជា​បណ្តើរ​ៗ ប៉ុន្តែ​មក​ដល់​ពេល​ថ្មី​ៗ​នេះ​កសិករ​មួយ​ចំនួន​បាន​ផ្អាក ឬ​ពន្យា​ពេល​ប្រមូល​ផល​ស្រូវ​ទៅ​វិញ ដោយសារ​ប្រភេទ​ស្រូវ​សែន​ក្រអូប​មួយ​នេះ​បាន​ធ្លាក់​ចុះថ្លៃ ធ្វើ​ឱ្យ​កសិករ​មិន​អាច​ទទួលយក​បានក៏​នាំ​គ្នា​រង​ចាំ​ក្រែង​តម្លៃ​ឡើងថ្លៃ​ប្រសើរ​ជាង​សព្វ​ថ្ងៃនេះ ។

លោក ទិ​ត្យ សុ​ផា កសិករ​នៅ​ឃុំ​សឿ ក្នុង​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ នេះ​មក​ដល់​ថ្ងៃនេះ​ប្រជា​កសិករ​ក្នុង​តំបន់​ខ្លះ​កំពុង​ប្រមូល​ផល​ស្រូវ និង​កសិករ​ច្រើន​ផ្សេង​ទៀត​បាន​ផ្អែក​ប្រមូល​ផល​ស្រូវ​សិន ខណៈ​តម្លៃ​ស្រូវ​សែន​ក្រអូប​ក្នុង​មួយ​តោន​គិត​ជា​លុយ​បាត​ថ្លៃ​៦.៩០០​បាត ឬ​ស្មើ​ប្រហែល​៨០​ម៉ឺន​រៀល ។ ត្រង់នេះ​មាន​ន័យ​ថា​ ស្រូវ​សែន​ក្រអូប​ឆ្នាំ​នេះ​តម្លៃ​ស្រូវ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន វា​ខុស​គ្នា​ប្រហែល ២.០០០​បាត ឬ​ក្រោម​នេះ​បន្តិច​ផ្អែក​ទៅ​លើ​គុណភាព​ស្រូវ​ជាក់ស្តែង​។

លោក​បាន​បន្ត​ថា​ ខណៈ​ដែល​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ក្នុងឆ្នាំនេះ​ហើយ​នោះ កសិករ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​មួយទៀត​ផង​ដែរ នោះ​គិត​មក​ដល់​ថ្ងៃនេះ​ឈ្នួ​ញ​ប្រាប់​ថា ​គេ​អត់​ទិញ​ថែម​ទៀត​ផង​។ លោក​បាន​បន្ត​ថា ស្ថិត​ក្នុង​រដូវ​ប្រមូល​ផល​នៅ​តំបន់​នេះ​គេ​ពេញ​និយម​ធ្វើ​ស្រូវ​សែន​ក្រអូប ព្រោះស្រូវ​សែន​ក្រអូប​លក់​បាន​ថ្លៃ​ជាង​ស្រូវ​មួយ​ចំនួន​ផ្សេង​ទៀត​។

កសិករ​រូប​នេះ​បាន​បញ្ជាក់​ថា «​មក​ដល់​ឥលូវ​មិន​ទាន់​មាន​កសិករ​ច្រើន​ទេ​ធ្វើការ​ច្រូតស្រូវ ឬ​ប្រមូល​ផល​ស្រូវ​របស់​ខ្លួន​ដោយសារ​តម្លៃ​ស្រូវ​វា​ថោក ហើយ​អត់​សូវ​មាន​អ្នកទិញ​ទៀត ​។ កសិករ​បង្អង់​ចាំ​មើល​គ្នា ឬ​ចាំ​មើល​តម្លៃ​ក្រែង​តម្លៃ​ស្រូវ​ប្រសើរ​ជាង​នេះ ខណៈ​ស្រូវ​ដល់​ពេល​ទុំ​ក្រហម​ពេញ​វាលស្រែ​អស់ហើយ​។ ម្សិលមិញ​គេ​ហ៊ាន​ទិញ​ស្រូវ​សែន​ក្រអូប​ក្នុង​មួយ​តោន​ថ្លៃ​៧.១០០​បាត តែ​មក​ដល់​ថ្ងៃនេះ​ស្រាប់តែ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៦.៩០០​បាត​វិញ ហើយ​អត់​ហ៊ាន​ទទួល​ទិញ​ច្រើន​ទៀត​»​។

​តាម​ការ​យល់​ឃើញ​លោក ទិ​ត្យ​សុ​ផា ខណៈ​តម្លៃ​ស្រូវ​ចុះថោក កសិករ​បន្ត​រង​ចាំ​តម្លៃ​ស្រូវ​ងើបឡើង​វិញ វា​អាច​ធ្វើ​ឱ្យ​កសិករ​កាន់តែ​ខាតបង់​ប្រាក់​ថែម​ទៀត ។ ព្រោះ​សព្វ​ថ្ងៃនេះ​ឈ្មួញ​គេ​មក​ទិញ​ស្រូវ​គេ​យក​ទៅ​ស​ម្ងួ​ត តែបើ​កសិករ​ពន្យា​ពេល​អូស​បន្លាយ​បែប​នេះ​វា​នឹង​ធ្វើ​ឱ្យ​ស្រូវ​ទុំ​ខ្លាំង​ពេក ធ្វើ​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​លែង​ទិញ ​។ ដូចនេះ​ដើម្បី​កុំឱ្យ​ខាតបង់​ព្រោះតែ​ការ​រង​ចាំ​តម្លៃ​នេះ កសិករ​មួយ​ចំនួន​បង្ខំចិត្ត​លក់​ត្រូវ​យក​លុយ​ខ្លះ សង​ថ្លៃ​ជី ថ្នាំ​ដែល​បាន​ទិញ​ជំពាក់​គេ​នៅ​ពេល​កន្លង​មក អីចឹង​កសិករ​ឆ្នាំ​នេះ​ប្រឈម​នឹង​ហានិភ័យ​។

​លោក ទិ​ត្យ​សុ​ផា បាន​សង្កត់ធ្ងន់​បែប​នេះ​ថា «​សព្វ​ថ្ងៃនេះ​ប្រជា​កសិករ​ត្អូញត្អែ​គ្រប់​គ្នា​ពាក់ព័ន្ធ​តម្លៃ​ស្រូវ​សែន​ក្រអូប ក្រៅពី​ការ​ធ្វើស្រែ​ប្រឈម ​និង​អាកាសធាតុ​ឆ្នាំ​នេះ ប៉ុន្តែ​មិនដឹង​និយាយ​ថា​ម៉េច មិនដឹង​ទៅ​ប្រាប់​អ្នក​ណា ​បើ​ថ្នាក់ដឹកនាំ​យើង​នៅ​ក្នុង​មូលដ្ឋាន​គេ​មិន​អើពើ​គិតគូ​ដល់​កសិករ​ផង​»​។

បើ​តាម​កសិករ​រស់នៅ​ក្នុង​ឃុំ​សឿ​រូប​នេះ មក​ដល់​ពេល​នេះ​លោក​បាន​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​របស់​លោក​ទើបបាន​៥​ហិ​កតា​ក្នុង​ផ្ទៃដី​សរុប​៧​ហិ​កតា ហើយ​ប្រមូល​ផល​បាន​ប្រហែល​៥​តោន​ស្រូវ​។ សិ្ថ​ត​ក្នុង​ស្ថានភាព​អន្តរកាល​តម្លៃ​ស្រូវ​ស្រូវ​សែន​ក្រអូប​ធ្លាក់​ថ្លៃ​ក្នុង​រដូវ​ប្រមូល​ផល​ស្ថិត​នៅ​ក្នុង​តំបន់​មួយ​នៃ​ខេត្តបាត់ដំបង​នេះ គេ​ឃើញ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បង្ហាញ​ការ​សោកស្តាយ​ដល់​កសិករ​និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដោយសារ​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន​។ ​ខណៈ​បញ្ហា​តម្លៃ​ស្រូវ​សែន​ក្រអូប​កំពុង​ជួប​បញ្ហា​នោះ ស្រូវ​ប្រភេទ​ផ្កា​រំ​ដូ​ល​ក៏​ហាក់​មាន​សញ្ញា​មិន​ស្រួល​ផង​ដែរ ។

លោក​ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​កាល​ថ្មី​ៗ​នេះ​ថា «​ខ្ញុំ​មានការ​សោកស្តាយ​ដល់​កសិករ និង​រោង​ម៉ាស៊ីនកិនស្រូវ ដោយសារ​តំលៃ​ស្រូវ​ផ្ការ​រំដួល​មាន​ភាព​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុខ ព្រោះ​តំលៃ​អង្ក​រលើ​ទីផ្សារ​អន្តរជាតិ​មានការ​ប្រែប្រួល​ចុះ​តំលៃ​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​នេះ ធ្វើ​ឱ្យ​ប្រទេស​នាំ​ចូល​មួយ​ចំនួន​ពន្យា​ពេល​ទិញ​អង្ករ ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថានភាព​ស្រូវ​ប្រភេទ​ផ្ការំដួល​» ។

ទន្ទឹម​នឹង​ការ​សោកស្តាយ​នេះ លោក​ឧកញ៉ា​ថា​« ស្ថានភាព​ទីផ្សារ​អន្តរជាតិ​ហាក់​មាន​លំនឹង​ឡើង​វិញ​ក្នុង​ស​ប្តា​ហ៍​នេះ ហើយ​ការ​នាំ​ចេញ​អាច​មាន​សន្ទុះ​ឡើង​វិញ​ក្នុង​ខែ ធ្នូ ខាង​មុខ​នេះ ។ ​សូម​សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ​បន្ត​ទិញ​ស្រូវ ហើយ​ស្នើ​សុំ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង ធនាគារ​ពាណិជ​ធ្វើការ​ទំលាក់​ថវិកា​ឱ្យ​រោង​ម៉ា​ស៊ិ​ន​កិនស្រូវ និង សហគមន៍​កសិកម្ម​ដើម្បី​ទិញ​ស្រូវ​ស្តុក​ទុក ។ យើង​ត្រូវការ​ថវិការ​យ៉ាងតិច ២០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​បងប្អូន​ពូ មីង កសិករ »៕ កែមសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ