ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ដោយសារឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យកើតជាអគ្គិភ័យឆាបឆេះសម្ភាំរប្រើប្រាស់ក្នុងផ្ទះ និងលុយកាក់អស់មួយចំនួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២៣និង៣០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បើតាមការបញ្ចាក់ពីក្រុមគ្រួសារ បានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ សុខ ផល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាបងថ្លៃម្ចាស់ផ្ទះ (បានស្លាប់ក្រោយបញ្ជូនមកមន្ទីរពេទ្យបង្អែកជ័យជំនះ និងម្នាក់ទៀតមានឈ្មោះ សុខ ឃីម ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវបងបង្កើតម្ចាស់ផ្ទះ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទីមន្ទីរពេទ្យជ័យជំនះ ។
បើតាមប្រភពពីកន្លែងហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះ មានផ្សែងហ៊ុយចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅឆាបឆេះផ្ទះ០១ខ្នង (ធ្វើបេតុងក្រោម ឈើលើ ប្រក់សង្ក័សី) ទំហំ ០៦ម៉ែត្រ គុណ ០៨ម៉ែត្រ ឆេះខូចខាតជាន់ក្រោមទាំងស្រុង ម៉ូតូចំនួន០៣គ្រឿង និងសម្ភារសម្លៀកបំពាក់ប្រើប្រាស់លុយកាក់មួយចំនួន ភ្លាមៗនោះ ប្រជាការពារ និងប្រជាពលរដ្ឋជិតខាង នាំគ្នាជួយពន្លត់ ដោយប្រើបំពង់ពន្លត់អគ្គិភ័យ អស់១បំពង់ និងម៉ាស៊ីនបូបទឹក ទើបភ្លើងរលត់ជាស្ថាពរ និងយកជនរងគ្រោះទាំង២នាក់ ទៅមន្ទីរពេទ្យភ្លាមៗ ផងដែរ ។
ប្រភពដដែល បានបន្តទៀតថា ជនរងគ្រោះ ដែលស្លា.ប់ និងរបួសនោះ ពួកគាត់សម្រាកនៅលើផ្ទះជាន់លើ ហើយមានកាំជណ្តើរចុះក្រោម នៅខាងក្នុងផ្ទះ ចំកន្លែងឆេះតែម្តង។ ម្យ៉ាងទៀតផ្ទះ ដែលឆេះនោះ អត់មានផ្លូវធំសម្រាប់រថយន្តពន្លត់អគ្គិភ័យចូលដល់ក្នុងទេ ដែលមានចម្ងាយប្រហែល ៦០០ម៉ែត្រ ពីផ្លូវធំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យមើលនៅទីតាំងកើតហេតុ និងរៀបចំប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕




 
                        
			         
				
ចែករំលែកព័តមាននេះ