រាជធានីភ្នំពេញ ៖ ស្នងការរង នគរបាលរាជធានីភ្នំពេញ ចំនួនពីររូប ត្រូវបានប្រកាសតែងតាំងមុខតំណែង នៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការប្រចាំខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រកាសកែសម្រួលសមាសភាព ក្រុមការងារ ទទួលព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជនបរទស ។
កិច្ចប្រជុំនេះ បានរៀបចំឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ស្នងការរង ដែលត្រូវបានប្រកាសតែងតាំងមុខតំណែង ចំនួន០២រូប ៖
១. លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលផែនការងារចរាចរណ៍
២. លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលរាជធានីភ្នំពេញ ពីការខិតខំបំពេញភារកិច្ចគ្រប់ផ្នែកគ្រប់ជំនាញ ដែលបានអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទមានប្រសិទ្ធភាពខ្ពស់ដែលនាំឲ្យបទល្មើសមានការថយចុះ។ លោកក៏បានណែនាំឲ្យបន្តក្តាប់សភាពការណ៍បទល្មើស និងធ្វើការវាយតម្លៃចំពោះរាល់សភាពការណ៍នានាដើម្បីគ្រប់គ្រង និងធ្វើការដោះស្រាយឲ្យទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានដាក់បទបញ្ជា ឲ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឲ្យខ្លាំងបន្ថែមទៀតលើ បង្ការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើង គឺមិនអាចដកថយនោះឡើយ និងក៏បានបន្តជំរុញកិច្ចការងារបង្ក្រាបគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសលួច ឆក់ ប្លន់ ផងដែរ។ ពិសេសបន្តបញ្ចេញកម្លាំងចុះទៅសម្រួលចរាចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលជូនការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅគោលដៅនានា ដែលប្រឈមនឹងការកកស្ទះ ។
ពាក់ព័ន្ធនឹងលំហូរចរាចរណ៍នេះដែរ លោកស្នងការ ក៏បានដាក់បញ្ជាឲ្យកម្លាំងជំនាញចរាចរណ៍ ត្រូវពង្រឹងចុះហាមឃាត់រាល់រថយន្តធុនធំៗ ដែលបើកបរចូលក្នុងរាជធានីភ្នំពេញ ខុសពេលវេលា ដែលត្រូវហាមឃាត់នោះ ៕





ចែករំលែកព័តមាននេះ