រាជធានីភ្នំពេញ៖ តើលោកអ្នកធ្លាប់មានការឈឺសន្លាក់ស្រួចស្រាវ ជាពិសេសនៅម្រាមជើង ហើយហើមក្តៅនៅពេលយប់ដែរឬទេ? នេះអាចជាសញ្ញាប្រកាសអាសន្ននៃជំងឺលើសអាស៊ីតអ៊ុយរិក។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺនេះកើតមានច្រើនលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ ហើយទោះបីជាភាគច្រើនមិនមានមូលហេតុជាក់លាក់ក្តី ក៏វាមានកត្តារួមផ្សំជាច្រើនដែលអ្នកត្រូវដឹង៖
១. រោគសញ្ញា ៥ យ៉ាងនៃការឡើងអាស៊ីតអ៊ុយរិកក្នុងឈាម
នៅពេលកម្រិតអាស៊ីតអ៊ុយរិកកើនឡើងខ្ពស់ រោគសញ្ញាឈឺចាប់នៅសន្លាក់នឹងចាប់ផ្តើមលេចឡើង៖
- ការឈឺសន្លាក់ស្រួចស្រាវ: ភាគច្រើនឈឺតែម្ខាងៗប៉ុណ្ណោះ ហើយទីតាំងដែលងាយរងគ្រោះរួមមាន ម្រាមមេជើង (ញឹកញាប់បំផុត), កជើង, ជង្គង់, កដៃ, កែងដៃ។
- ហើម និងក្តៅនៅសន្លាក់ដែលឈឺ: សន្លាក់មានសភាពហើម និងឡើងកម្ដៅ ជាពិសេសកើតមាននៅពេលយប់។
- មានអាការៈក្ដៅខ្លួន: អាចកើតឡើងក្នុងពេលមានការរលាកសន្លាក់ខ្លាំង។
- ឈឺសន្លាក់ខ្លាំងក្រោយពីពិសាអាហារ: ការឈឺចាប់កើនឡើងខ្លាំងក្រោយពីពិសា ស្រា, ស្រាបៀរ, គ្រឿងសមុទ្រ, សាច់ក្រហម, និងគ្រឿងក្នុងសាច់សត្វ។
- ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត): ក្នុងករណីរ៉ាំរ៉ៃ អាចមានដុំកំណកជាតិអាស៊ីតរីកធំនៅក្រោមស្បែក។
២. មូលហេតុ និងកត្តារួមផ្សំជំរុញជំងឺ
ទោះបីជាលើសពី ៩៥% នៃជំងឺលើសអាស៊ីតអ៊ុយរិកមិនមានមូលហេតុជាក់លាក់ក៏ដោយ ក៏វាមានកត្តាសុខភាពផ្សេងៗទៀតដែលអាចរួមផ្សំបង្កជាវិបត្តិនេះ៖
- ជំងឺតម្រងនោមរ៉ាំរ៉ៃ: ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃរារាំងដល់ការបញ្ចេញអាស៊ីតអ៊ុយរិកពីរាងកាយ។
- ជំងឺឈាម: ដូចជា ជំងឺបែកគ្រាប់ឈាម។
- បញ្ហាអ័រម៉ូន: ជំងឺក្រពេញទីរ៉ូអ៊ីត។
- ការប្រើប្រាស់ថ្នាំខុស: ការប្រើប្រាស់ថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។
ដំបូន្មានអ្នកជំនាញ: ប្រសិនបើលោកអ្នកមានរោគសញ្ញាឈឺសន្លាក់ធ្ងន់ធ្ងរ ជាពិសេសក្រោយពេលទទួលទានអាហារប្រឈម ប្រញាប់រួសរាន់ទៅជួបវេជ្ជបណ្ឌិតឯកទេសដើម្បីពិនិត្យកម្រិតអាស៊ីតអ៊ុយរិក និងទទួលបានការព្យាបាលត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ