ខេត្តពោធិ៍សាត់៖ ដំណាំស្រូវជាង១ពាន់ហិកតា រងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេសាប
នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខណៈអាជ្ញាធរខេត្តចុះពិនិត្យស្ថានភាពជាក់ស្ដែង។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថាឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទន្លេសាបដែលឡើង លិចបង្កឱ្យប៉ះពាល់ស្រូវប្រជាកសិករក្នុងភូមិក្តីឈ្វិត, ភូមិត្រង់, ភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមលោកប្រធានមន្ទីរ និងមន្ត្រីជំនាញ ដោយមានការចូលរួមពីអជ្ញាធរស្រុក ឃុំ ភូមិ និងលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត។
បើតាមរដ្ឋបាលខេត្ត, ជាលទ្ធផលនៃការជន់លិចក្នុងស្រុកកណ្តៀង មានឃុំចំនួន៥ រួមមាន ស្វាយលួង, អន្លង់វិល, កញ្ជរ, ស្រែស្តុក, កោះជុំ ស្មើនឹង ២៩ភូមិ ប្រជាពលរដ្ឋ ៦២០គ្រួសារ។
ចំណែកផ្ទៃដីរងផលប៉ះពាល់សរុប ១.១៩៨ហិកតា នៃផ្ទៃដីអនុវត្ត ៣១.១៤៣ ហិកតា ក្នុងនោះប៉ះពាល់ដំណាំស្រូវកណ្តាល ៣៥ហិកតា , ធ្ងន់ ២៨ហិកតា, បង្កើនរដូវ ១.១៣៥ហិកតា។
ពាក់ព័ន្ធករណីនេះ មន្ទីរកសិកម្ម និងរដ្ឋបាលស្រុក កំពុងសហការចាត់មន្រ្តីជំនាញ និងមន្រ្តីកសិកម្មឃុំ ចុះវាយតម្លៃការខូចខាត៕
ចែករំលែកព័តមាននេះ