ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និង​ជប៉ុន​ចុះ​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​នៅ​អំ​ឡុង​ទស្សន​កិច្ច​របស់​លោក​ត្រាំ

4 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ លោក​ត្រាំ​បាន​ថ្លែង​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​ចំពោះ​នាយក​រដ្ឋ​មន្ត្រី​​ថ្មី​របស់​ជប៉ុន លោក​ស្រី​តាកា​អ៊ី​ឈិ នៅ​ពេល​លោក​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​នេះ​។ លោក​ក៏​សូម​ស្វាគមន៍​យ៉ាង​ពេញ​ទំហឹង​ផង​ដែរ​នូវ​ការ​សន្យា​របស់​លោក​ស្រី​ដើម្បី​កសាង​កម្លាំង​យោធា​ជប៉ុន​។ នៅ​រសៀល​ថ្ងៃ​អង្គារ​ លោក​ និង​លោក​ស្រី​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជ​កម្ម​ និង​រ៉ែ​កម្រ​។ លោក​ស្រី​តាកា​អ៊ីឈិ​គាំទ្រកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ត្រាំ​ក្នុង​ការ​ផ្សះ​ផ្សា​ជម្លោះ​នៅ​លើ​ពិភព​លោក​…

ទី​ក្រុង​តូក្យូ៖ លោក​ត្រាំ​បាន​ថ្លែង​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​ចំពោះ​នាយក​រដ្ឋ​មន្ត្រី​​ថ្មី​របស់​ជប៉ុន លោក​ស្រី​តាកា​អ៊ី​ឈិ នៅ​ពេល​លោក​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​នេះ​។ លោក​ក៏​សូម​ស្វាគមន៍​យ៉ាង​ពេញ​ទំហឹង​ផង​ដែរ​នូវ​ការ​សន្យា​របស់​លោក​ស្រី​ដើម្បី​កសាង​កម្លាំង​យោធា​ជប៉ុន​។ នៅ​រសៀល​ថ្ងៃ​អង្គារ​ លោក​ និង​លោក​ស្រី​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជ​កម្ម​ និង​រ៉ែ​កម្រ​។

លោក​ស្រី​តាកា​អ៊ីឈិ​គាំទ្រកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ត្រាំ​ក្នុង​ការ​ផ្សះ​ផ្សា​ជម្លោះ​នៅ​លើ​ពិភព​លោក​ និង​សន្យា​គាំទ្រ​លោកឲ្យ​ទទួល​បាន​​រង្វាន់​​ណូបែល​សន្តិ​ភាព​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​សេត​វិមាន​ លោក​ស្រី​ខា​រ៉ូឡាញ លេវីត (Karoline Leavitt)។ ​រដ្ឋាភិបាល​ប្រទេស​ទាំង​២​បាន​ប្រកាស​នូវ​គម្រោង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដែល​គ្រប​ដណ្ដប់​ទៅ​លើ​វិស័យ​ជា​ច្រើន​មាន​ជា​អាទិ៍​ថាម​ពល បញ្ញា​សិប្ប​និម្មិត (អេ​អាយ) និង​រ៉ែ​កម្រ​។

ក្រុម​ហ៊ុន​ជប៉ុន​គ្រោង​វិនិយោគ​នៅអាមេរិក​នៅ​ក្នុង​ទំហំ​ទឹក​ប្រាក់​៤​រយ​ពាន់​លាន​ដុល្លារ​។ រដ្ឋាភិបាល​ជប៉ុន​សន្យា​ថា​ខ្លួន​នឹង​បោះ​ទុនវិនិយោគ​គិត​ជា​ទឹក​ប្រាក់​៥៥០​ពាន់​លាន​ដុល្លារ​នៅ​អាមេរិក​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ធូរ​បន្ថយ​ពន្ធ​គយ​របស់​អាមេរិក​។
ទំហំ​ទឹក​ប្រាក់​ប៉ុណ្ណេះ​អាច​ធ្វើ​ឱ្យ​លោក​ត្រាំ​ស្ងប់​ចិត្ត​បាន​ខ្លះ​។ កាល​ពី​មុន​នេះ លោក​ទាម​ទារ​ឱ្យ​ប្រទេស​ជប៉ុន​ចំណាយ​ប្រាក់​ឱ្យ​បាន​ច្រើន​ថែម​ទៀត​​នៅ​ក្នុង​វិស័យ​សន្តិ​សុខ​ជាតិ​​។ នេះ​ក៏​ជា​អ្វី​ដែល​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​កំពុង​គិត​គូរ​ផង​ដែរ​។ លោក​ស្រី​សន្យា​ថា​នឹង​បង្កើន​ខ្ទង់​ចំណាយ​២%​នៃ​ជីឌីភី​ប្រចាំ​ឆ្នាំ​ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ​។

លោក​ស្រី​តាកា​អ៊ីឈិ​​រំលឹក​អំពី​កេរ​តំណែល​របស់​លោក​អាបេ​
លោក​ស្រី​តាគី​អ៊ី​ឈិ​បាន​និយាយ​រំលឹក​ទៅ​ដល់​សព​លោក​ស៊ីន​ហ្សូអាបេ​ អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ដែល​តែង​កោត​សរ​សើរ​​លោក​ត្រាំ​។ លោកស្រី​ក៏​បាន​ផ្ដល់​ជូន​លោក​ត្រាំ​នូវ​អំណោយ​របស់​លោក​អាបេ​ដែល​​ដាក់​នៅ​ក្នុង​ទូ​កញ្ចក់​, កាបូប​វាយ​កូន​គោល​ដែល​​មាន​ហត្ថ​លេខា​របស់​កីឡាករ​ឆ្នើ​ម​របស់​ជប៉ុន និង​កូន​គោល​ធ្វើ​អំពី​មាស​សន្លឹក​។​​ នៅ​ពេល​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ដែល​​មាន​បាយ សាច់​គោ និង​បន្លែ​ដាំ​ដុះ និង​ចិញ្ចឹម​នៅ​ខេត្ត​ណារ៉ា (Nara) ដែល​ជា​ស្រុក​កំណើត​របស់​លោក​ស្រី​តាកា​អ៊ីឈិ​ លោក​ស្រី​បាន​បង្ហាញ​ជូន​លោក​ត្រាំ​នូវ​ការ​វិនិយោគ​ធំ​ៗ​របស់​ក្រុម​ហ៊ុន​ជប៉ុន​នៅ​អាមេរិក​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​។​​

ការ​ចុះ​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ
លោក​ត្រាំ​ថ្លែង​កោត​សរ​សើរ​ប្រទេស​ជប៉ុន​ដែល​ទិញ​គ្រឿង​បរិក្ខារ​យោធា​ពី​ប្រទេស​អាមេរិក​។ ចំណែក​លោក​ស្រី​តាកា​អ៊ី​ឈិ​ក៏​​​ថ្លែង​កោត​សរ​សើរ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោ​កត្រាំ​ក្នុង​ការ​ជួយ​សម្រប​សម្រួល​ និង​បិទ​បញ្ចប់​ជម្លោះ​នានា​នៅ​លើ​ពិភព​លោក​។ លោក​ស្រី​ចាត់​ទុក​ថា​នេះ​ជា​សមិទ្ធ​ផល​ដ៏​ថ្លៃ​ថ្លា​បំផុត​។ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួច លោក​ត្រាំ​ទទួល​ជួប​ក្រុម​គ្រួសារ​ជន​ជាតិ​ជប៉ុន​ដែល​ត្រូវ​កូរ៉េ​ខាង​ជើង​ចាប់​ពង្រត់​តាំង​ពី​​អំឡុង​ទស​វត្ស​ទី​៦០ និង​៧០​។

​ថ្វី​ដ្បិត​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ អ្នក​ខ្លះ​ត្រូវ​កូរ៉េ​ខាង​ជើង​ដោះ​លែង និង​វិល​ត្រឡប់​ទៅ​មាតុ​ភូមិ​វិញ​ ប៉ុន្តែ​ជប៉ុន​នៅ​តែ​ជំរុញ​ឱ្យ​កូរ៉េ​ខាង​ជើង​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នេះ​ និង​បញ្ជូន​អ្នក​ដែល​នៅរស់​រាន​មាន​ជីវិត​ត្រឡប់​មក​វិញ​ទាំង​អស់​។ លោក​ត្រាំ​បំពេញ​ទស្សន​កិច្ច​នៅ​ទ្វីប​អាស៊ី​លើក​នេះ​​ក៏​មាន​គម្រោង​ជួប​ថ្នាក់​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​គីម​ជុង​អ៊ុន​ផង​ដែរ​។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​នឹង​បាន​ជួប​គ្នា​ដែរ​ឬ​ទេ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ