ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៥​ថ្ងៃ​! ប្រជាជន​ឥណ្ឌា​ចាយ​ដល់​១១​ពាន់​លាន​ដុល្លារ ទិញ​មាស​អំឡុង​ថ្ងៃ​ពិ​ធិ​បុណ្យ Diwali

1 ម៉ោង មុន

ទីក្រុង​ញូ​វ​ដេ​លី ៖ បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNBC កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ត្រឹមតែ​រយៈពេល​៥​ថ្ងៃ​នៃ​ពិ​ធិ​បុណ្យ «​ឌី​វ៉ា​លី​»…

ទីក្រុង​ញូ​វ​ដេ​លី ៖ បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNBC កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ត្រឹមតែ​រយៈពេល​៥​ថ្ងៃ​នៃ​ពិ​ធិ​បុណ្យ «​ឌី​វ៉ា​លី​» (Diwali) ប្រជាជន​ឥណ្ឌា​បាន​ចំណាយ​ប្រាក់​សរុប​ដល់​ទៅ ១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទិញ​កាក់​មាស និង​មាស​ដុំ​។

បើ​យោង​តាម​សមាគម​អ្នកលក់​មាស​ដុំ និង​គ្រឿងអលង្ការ​របស់​ប្រទេស​ឥណ្ឌា ហៅ​កាត់​ថា IBJA និង​ក្រុមប្រឹក្សា​មាស​ក្នុងស្រុក ហៅ​កាត់​ថា GJC បានឱ្យ​ដឹង​ថា មាស​គិត​ជា​ទឹកប្រាក់​ប្រមាណ ៨ ពាន់​លាន​ដុល្លារ ទៅ ១១ ពាន់​លាន​ដុល្លារ ត្រូវ​បាន​លក់​ចេញ អំឡុង​ពេល​ថ្ងៃ​ពិធីបុណ្យ Diwali រយៈពេល ៥ ថ្ងៃ ដែល​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០២៥ កន្លង​ទៅ​។ មាស​ជាង ៤០ តោន ត្រូវ​បាន​លក់​ចេញ​នៅ​ថ្ងៃ​ទី ១៩ ខែតុលា ដែល​ជា​ថ្ងៃ​ទី​១ នៃ​ពិធីបុណ្យ Diwali​។

ផ្លូវ​តូច​ចង្អៀត​នៃ​ផ្សារ Zaveri Bazaar ដែល​ជា​ផ្សារ​លក់​គ្រឿងអលង្ការ​ចំណាស់​ជាងគេ​បំផុត​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ុម​បៃ ដែល​ជាទី​ក្រុង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា ពោរពេញ​ទៅ​ដោយ​មនុស្ស​ច្រើន​កុះករ​នៅ​ថ្ងៃ Diwali ឆ្នាំ​នេះ ដោយ​បាន​ប្រមូលផ្តុំ​គ្នា​ទិញ​មាស នៅ​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ប្រពៃណី​ដ៏​ល្បី​បំផុត​របស់​ឥណ្ឌា​មួយ​នេះ​។

យ៉ាងណាមិញ អាជីវករ​លក់​មាស​នៅ​ទីនោះ​បាន​អះអាង​ថា ឆ្នាំ​នេះ អតិថិជន​ភាគច្រើន​ទិញ​កាក់​មាស ឬ​មាស​ដុំ មិនមែន​គ្រឿងអលង្ការ​នោះ​ទេ រហូត​ដល់​ហាង និង​ក្រុមហ៊ុន​មួយ​ចំនួន​រក​កាក់​មាស និង​មាស​ដុំ​លក់​ឱ្យ​អតិថិជន​មិន​បាន ដោយសារ​តម្រូវ​ខ្លាំង​។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ក្នុង​ចំណោម​អតិថិជន ១០ នាក់​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ទិញ​កាក់​មាស ឬ​មាស​ដុំ ប៉ុន្តែ​ឥឡូវនេះ កំពុង​ផ្លាស់​ប្តូរ​បន្តិច​ៗ​ហើយ​។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក Surendra Mehta លេខាធិការ​នៅ IBJA​។ លោក​បាន​បន្ថែម​ថា តាម​ការ​ប៉ាន់ស្មាន​របស់​ស្ថាប័ន​ពាណិជ្ជកម្ម​របស់​លោក ការ​លក់​គ្រឿងអលង្ការ​បាន​ធ្លាក់​ចុះ​ប្រហែល ៣០% នៅ​រដូវ​បុណ្យ​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន​។

ភាព​រីករាយ​ក្នុង​ចំណោម​ប្រជាជន​ឥណ្ឌា​លើ​ការ​ទិញ​មាស​ទុក សម្រាប់​ការ​វិនិយោគ​ត្រូវ​បាន​ចាក់​ឫស​ក្នុង​ការ​ស្វែងរក​ប្រាក់​ចំណេញ​។ តម្លៃ​មាស​នៅ​ឆ្នាំ​នេះ​បាន​កើនឡើង ៦៦% នៅ​ត្រឹម​ពាក់កណ្តាល​ខែតុលា មុន​ពេល​ឃើញ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​ទល់​ពេល​នេះ​។ គិត​ត្រឹម​ម៉ោង​៣:១០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា (​ម៉ោង​នៅ​កម្ពុជា​) តម្លៃ​មាស​អន្តរជាតិ​ឈរ​នៅ​តម្លៃ ៣ ៩២៤​ដុល្លារ​ក្នុង​១​អោន ឬ ៤ ៧២៧​ដុល្លារ​ក្នុង​១​តម្លឹង​។

កាលពី​ដើមខែ​នេះ តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង​ដល់ ៤ ៣៨១​ដុល្លារ​ក្នុង​១​អោន ឬ ៥ ២៧៨​ដុល្លារ​ក្នុង​១​តម្លឹង ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​អ្នកជំនាញ​មួយ​ចំនួន​ព្យាករណ៍​ថា តម្លៃ​មាស​អន្តរជាតិ​នឹង​ឡើង​ដល់ ៥ ០០០​ដុល្លារ​/​អោន ឬ ៦ ០២៤​ដុល្លារ​/​តម្លឹង នៅ​ឆ្នាំ​ក្រោយ​។

ទិន្នន័យ​ពី​ក្រុមប្រឹក្សា​មាស​ពិភពលោក​បង្ហាញ​ថា ឥណ្ឌា គឺជា​ប្រទេស​ទិញ​មាសធំ​ជាងគេ​លំដាប់​ទី​ពីរ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន ដែល​បង្ហាញ​ថា ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​មួយ​នេះ គឺជា​អ្នកទិញ​ជាប់លាប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដែល​ជំរុញ​ដោយ​តម្រូវការ​មាស​ជា​ប្រពៃណី​ទៅ​ហើយ នៅ​អំឡុង​ពេល​នៃ​បុណ្យ​ក្នុង​ខែតុលា និង​រដូវ​កាល​អាពាហ៍ពិពាហ៍​ពី​ខែតុលា​ដល់​ពាក់កណ្តាល​ខែមករា និង​ខែមេសា​ដល់​ខែឧសភា​៕ ប្រភព ៖ CNBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ