វិបត្តិរំលាយអាហារ (functional dyspepsia) គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រូសារ។ នេះបើតាមមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមក ។
ក. មូលហេតុអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖
– ការប្រព្រឹត្តទៅមិនប្រក្រតីនៃចលនាការរំលាយអាហាររបស់ក្រពះ
– ការទទួលរំញោចលើសលប់ របស់ក្រពះ
– មេរោគក្រពះ (Helicobacter Pylori)
– កត្តាផ្លូវចិត្ត
ខ. រោគសញ្ញា៖
១- ជំងឺនេះស្តែងចេញជារោគសញ្ញា ៤ធំៗគឺ៖
- បរិភោគអាហារឆាប់ឆ្អែត
- តឹងណែនពោះក្រោយបរិភោគ
- ឈឺចុងដង្ហើម
- ក្រហាយចុងដង្ហើម
២- រោគសញ្ញាគ្រោះថ្នាក់រួមមាន៖
- ការលេចឡើងថ្មីៗនូវរោគសញ្ញាលើអ្នកដែលមានអាយុលើសពី ៤៥ឆ្នាំ
- ការស្រកទម្ងន់ដោយគ្មានមូលហេតុ
- ពិបាកលេប ឬលេបឈឺ
- ក្អួតមិនបាត់
- ស្លេកស្លាំង
- ស្ទាបប៉ះដុំនៅចុងដង្ហើម
- ប្រវត្តិគ្រួសារមានជំងឺមហារីក ក្រពះពោះវៀនផ្នែកខាងលើ
- បន្ទោបង់មានឈាម
- កើតលឿង
៣- ព្រមទាំងមានរោគសញ្ញាបន្ទាប់បន្សំដូចជា ក្អួតចង្អោរ ហើមពោះ ភើជាដើម ។ល។
គ. ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទាំងស្រុងតាមរយៈការសាកសួរ ពីរោគសញ្ញានៃជំងឺផ្ទាល់ ហើយក៏អាចឈានទៅដល់ការមើលឈាមមួយចំនួន អេកូពោះ និងព្រមទាំងឈានទៅដល់ការឆ្លុះក្រពះ ក្នុងករណីជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬមានរោគសញ្ញាគ្រោះថ្នាក់ដែលសង្ស័យថាមានជំងឺផ្សេងៗដូចជា ជំងឺដំបៅក្រពះ មហារីកក្នុងបំពង់អាហារផ្នែកខាងក្រោម និងក្រពះ។
ឃ. ទាក់ទងទៅនឹងការព្យាបាល ជារួមមាន៖
– ក្នុងករណីមានមេរោគក្រពះ ត្រូវព្យាបាលបំបាត់មេរោគក្រពះជាមុនសិន
– ប្រើថ្នាំបន្សាបជាតិអាស៊ីត រយៈពេលណាមួយជាក់ច្បាស់ អាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺ
– ផ្តល់ប្រឹក្សា និងទំនុកចិត្តដល់អ្នកជំងឺ។
ជំងឺវិបត្តិរំលាយអាហារ គឺជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃព្រមទាំងមានការចំណាយច្រើន ៕
ចែករំលែកព័តមាននេះ