ខេត្តបាត់ដំបង ៖ ជនរងគ្រោះម្នាក់ក្នុងចំណោម០៤នាក់ ដែលត្រូវសត្វឆ្កែចចកខាំ កាលពីដើមខែតុលាកន្លងទៅថ្មីៗនេះ បានស្លាប់នៅក្នុងមន្ទីរយោធភូមិភាគទី៥ កាលពីវេលាម៉ោង៦និង០៦នាទីព្រឹកថ្ងៃទី២៨ តុលា ដោយសារឆ្លងជំងឺមេរោគ«ឆ្កែឆ្គួត» ។ នេះបើយោងតាម«លិខិតមរណៈភាព»ដែលគ្រូពេទ្យបានបញ្ជាក់ ។

ជនរងគ្រោះឈ្មោះ ថឹង ស៊ី ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិពោធិ៏១ ឃុំគារ ស្រុកមោងឬស្សី ។ នៅក្នុងលិខិតមរណៈភាពរបស់គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានចូលសម្រាកក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ នៅវេលាម៉ោង៤រសៀលថ្ងៃទី២៥ តុលា លុះនៅម៉ោង៦ និង០៦នាទីព្រឹកថ្ងៃទី២៨ តុលា ជនរងគ្រោះក៏បានទទួលមរណៈភាព ដោយសារមានឆ្លងជំងឺ«ឆ្កែឆ្គួត»ធ្ងន់ធ្ងរ ។
របាយការណ៍រដ្ឋបានឃុំគារក៏បានរាយការណ៍ថា ជនរងគ្រោះរួមជាមួយពលរដ្ឋដែលត្រូវឆ្កែចចកខាំដទៃទៀតបានទទូលការព្យាបាលរួចហើយ ក្រោយត្រូវសត្វចចកនេះខាំ ។ ប៉ុន្តែរហូតដល់ថ្ងៃទី២៥ តុលា គាត់មានអាការៈចុកពោះ ក្អូត ហើយបងប្អូនក៏បញ្ជូនទៅកាន់មន្ទីរពេទ្យខាងលើ ។ លុះនៅព្រឹកថ្ងៃទី២៨ តុលា ជនរងគ្រោះក៏ទទួលមរណៈភាព ដែលគ្រូពេទ្យបញ្ជាក់ថា ស្ត្រីរងគ្រោះស្លាប់ដោយឆ្លងជំងឺ«ឆ្កែឆ្គួត» ។

សូមរំលឹកថា កាលពីថ្ងៃទី០៦ តុលា កន្លងទៅនេះ «សត្វឆ្កែចចក» ដែលអ្នកភូមិខ្លះ ហៅថា «សត្វស្វាន» ដែលបានបែកហ្វូងរត់ចេញពីទីជម្រកកក្នុងតំបន់ទន្លេសាប ដោយសារទឹកឡើងលិចព្រៃលិចទីជម្រករបស់វា ។ ពួកវាបានរត់ចូលក្នុងភូមិ ហើយបានដេញខាំអ្នកភូមិបណ្ដាលឲ្យរងរបួសចំនួន០៤នាក់បន្តបន្តបន្ទាប់ នៅក្នុងភូមិពោធិ៏១ ឃុំគារ ស្រុកមោងប្ញស្សី ។
យោងតាមប្រភពព័ត៌មានក្នុងពេលនោះ ក្នុងចំណោមជនរងគ្រោះទាំង០៤នាក់ មាន០២នាក់ជាស្ត្រី ហើយមានចំនួន០៣នាក់ រស់នៅភូមិពោធិ៏១ និងម្នាក់ទៀត រស់នៅភូមិអូរគ្រាត ។ ប៉ុន្តែកាលនោះ ជនរងគ្រោះឈ្មោះ ថឹង ស៊ី ភេទស្រី អាយុ៦៦ឆ្នាំ ដែលទទួលមរណៈខាងលើនេះ ហាក់របួសធ្ងន់ធ្ងរជាងគេនៅត្រង់មាត់ ។ ប្រជាពលរដ្ឋដែលបានប្រទះឃើញហ្វូងសត្វចចកនេះ ភាគច្រើនតាមបណ្ដាភូមិនានា ក្នុងឃុំជ្រៃ ស្រុកមោងឬស្សី ដែលជាភូមិនៅជាប់ព្រៃរនាមតំបន់ទន្លេសាប ដែលសំបូរសត្វចចកនេះរស់នៅ។ សត្វឆ្កែចចកនេះបានបែកហ្វូងរត់ចូលភូមិ ដោយសារទឹកឡើងលិចលង់ទីជម្រករបស់វា។ ពួកវាបានដេញខាំសត្វក្នុងស្រុក និងដេញខាំមនុស្សផ្អើលពេញភូមិ រហូតរដ្ឋបាលស្រុកមោងប្ញស្សីចេញសេចក្ដីប្រកាសអាសន្នដល់អ្នកភូមិឲ្យមានការប្រុងប្រយ័ត្ន និងបង្កើនកម្លាំងក្នុងមូលដ្ខានឲ្យជួយត្រូតពិនិត្យតាមឃ្លាំមើលជាប្រចាំចំពោះសកម្មភាពភាពហ្វូងសត្វចចកដ៏កាចសាហាវនេះ ។

ពាក់ព័ន្ធនឹងរឿងឆ្កែចចកព្រៃដ៏កាចសាហាវខាំមនុស្សខាងលើនេះ បើតាម «អគ្គនាយកដ្ឋានសុខភាពសត្វព្រៃ និងផលិតកម្មសត្វ» ក៏បានបង្ហាញពីលទ្ធផលនៃការរកឃើញជំងឺ
«ឆ្កែឆ្គួត» ដែលមាននៅលើសត្វឆ្កែចចកនេះដែរ ។ នៅក្នុងរបាយការណ៍របស់«អគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ» ចុះថ្ងៃទី ២២ តុលា ឆ្លាំ២០២៥ ដែលកោះសន្តិភាពទើបទទូលបាននៅថ្ងៃទី២៨ តុលា នេះ ក្នុងកម្មវត្ថុ៖ របាយការណ៍ស្ដីពី«លទ្ធផលនៃការវិភាគខួរក្បាលចចក យកមកពីខេត្តបាត់ដំបង»។
របាយការណ៍ការនេះបានឲ្យដឹងថា «មន្ទីរពិសោធន៍ វីរុសសាស្ត្រ នៃវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ» បានធ្វើការវិភាគលើខួរក្បាលចចក យកមកពីភូមិទូលតាថុន ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
តាមលទ្ធផលវត្ថុវិភាគរបស់វិទ្យាស្ថាននេះ បានបញ្ជាក់ថា «វិជ្ជមានឆ្កែឆ្គួត»។ បានន័យថា សត្វឆ្កែចចកដែលដេញខាំអ្នកភូមិឲ្យរងរបួសចំនួន០៤នាក់ខាងលើនេះ ជាសត្វដែលមានជំងឺ«ឆ្កែឆ្គួត» ដែលអាចចម្លងដល់មនុស្សយ៉ាងសាហាវបំផុត ប្រសិនបើវាខាំ ។ បើដូច្នេះមែន ក្រុមគ្រួសារជនរងគ្រោះដទៃទៀត ឬអាជ្ញាធរ ឬគ្រូពេទ្យជំនាញ គួរតែបញ្ជូនជនរងគ្រោះប៉ុន្មាននាក់ទៀតទៅកាន់មន្ទីរពេទ្យ ដើម្បីត្រូតពិនិត្យរោគសញ្ញា និង ព្យាបាលឲ្យបានដឹតដល់បំផុត ក្រែងមានជំងឺឆ្លងពីសត្វចង្រៃដ៏កាចសាហាវនេះ៕
ចែករំលែកព័តមាននេះ