ខេត្តកោះកុង ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង បានដាក់ចេញនូវផែនការ និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលស្វាគមន៍បងប្អូនពលករកម្ពុជា ដែលភាគីថៃត្រៀមនឹងធ្វើការបញ្ជូនមកកាន់មាតុភូមិវិញតាមច្រកទ្វារនេះ។

យោងតាមការប្រកាសរបស់ផេកផ្លូវការរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងប្រតិបត្តិការទទួលពលករនេះ ស្ថាប័នពាក់ព័ន្ធជាច្រើនក៏បានចូលរួមសហការយ៉ាងសកម្មជាមួយកម្លាំងនគរបាល ដើម្បីធានាបាននូវដំណើរការទទួលពលករប្រកបដោយភាពរលូន និងសុវត្ថិភាពខ្ពស់។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក៏បានបញ្ជាក់បន្ថែមទៀតថា កិច្ចសហការនេះផ្តោតសំខាន់ទៅលើការត្រៀមជាស្រេចក្នុងការទទួលបងប្អូនពលករខ្មែរ ព្រមទាំងមានការរៀបចំ និងសម្របសម្រួលសណ្តាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អប្រសើរ ក្នុងអំឡុងពេលនៃការធ្វើដំណើរចូលប្រទេសរបស់ពួកគាត់ ដែលត្រឡប់មកពីប្រទេសថៃវិញ។

ជាពិសេស សមត្ថកិច្ចបានត្រៀមជួយជញ្ជូនសម្ភារៈផ្ទាល់ខ្លួនរបស់បងប្អូនពលករខ្មែរចាប់តាំងពីច្រកទ្វារព្រំដែនរហូតដល់ទីតាំងដែលបានកំណត់សម្រាប់រង់ចាំទទួលពលករ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅដល់បងប្អូនដែលបានឃ្លាតឆ្ងាយពីផ្ទះយូរ ។ កាយវិការទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរក្នុងការធានាដល់សុវត្ថិភាព ផាសុកភាព និងសម្រួលដំណើរការចូលប្រទេសជូនពលករខ្មែរទាំងអស់ ៕

ចែករំលែកព័តមាននេះ