ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​នាំមុខ​គេ​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក

53 នាទី មុន
  • ភ្នំពេញ

កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​នូវ​តួនាទី​ជា​អ្នកដឹកនាំ​កាន់តែ​ខ្លាំង​ឡើង​របស់​ខ្លួន ​នៅ​ក្នុង​ការទូត​ក្នុង​តំបន់ ខណៈ​ដែល​ខ្លួន​កំពុង​ទទួល​តួនាទី ជា​ប្រទេស​សម្របសម្រួល​ប្រទេស ​សម្រាប់​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក​នា អាណត្តិ​ឆ្នាំ ២០២៤-២០២៧ ដោយ​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​…

កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​នូវ​តួនាទី​ជា​អ្នកដឹកនាំ​កាន់តែ​ខ្លាំង​ឡើង​របស់​ខ្លួន ​នៅ​ក្នុង​ការទូត​ក្នុង​តំបន់ ខណៈ​ដែល​ខ្លួន​កំពុង​ទទួល​តួនាទី ជា​ប្រទេស​សម្របសម្រួល​ប្រទេស ​សម្រាប់​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក​នា អាណត្តិ​ឆ្នាំ ២០២៤-២០២៧ ដោយ​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​ ។

ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អា​មេ​រិ​ក​លើក​ទី​១៣ ថ្នាក់ដឹកនាំ​អាស៊ាន​ដោយ​មាន​កម្ពុជា​ជា​ប្រទេសសម្របសម្រួល បាន​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​សន្ទនា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក និង​បាន​អនុម័ត​សេចក្តីថ្លែងការណ៍​ចក្ខុវិស័យ​រួម ដើម្បី​លើកកម្ពស់​អាស៊ាន និង​អា​មេ​រិ​ក​ឱ្យ​កាន់តែ​រឹង​មាំ មាន​សុវត្ថិភាព និង​វិបុលភាព​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រ​សូ​ង​ការ​បរទេស ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​រក្សា​សន្ទុះ​វិជ្ជមាន​នៃ​ទំនាក់ទំនង​អាស៊ាន​-​សហរដ្ឋអាមេរិក​ ។ សម្តេច​ធិ​បតី​បាន​សន្យា​ថា កម្ពុជា​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធិ​​ជាមួយ​សហរដ្ឋអាមេរិក និង​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​បន្ថែម​ទៀត ជា​ពិសេស​ នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ដូច​ជា ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល នវានុវត្តន៍ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

សម្តេច​ធិ​បតី​បាន​មាន​ប្រសាសន៍​ថា «​ក្នុង​នាម​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក ពី​ឆ្នាំ​២០២៤​ ដល់​ឆ្នាំ​២០២៧ កម្ពុជា​ប្តេជ្ញា​ក្នុង​ការ​រក្សា​សន្ទុះ​វិជ្ជមាន​បច្ចុប្បន្ន និង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​សហរដ្ឋអាមេរិក​និង​ប្រទេស​អាស៊ាន​ទាំងអស់​ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់»​ ​។

សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ពី​តួនាទី​របស់​សហរដ្ឋអាមេរិក​ ក្នុង​នាម​ជា​អ្នកដឹកនាំ​សកល​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ហើយ​បាន​អំពាវនាវ​ឱ្យ​មានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ឌី​ជី​ថ​ល​របស់​អាស៊ាន ជា​ពិសេស​ តាម​រយៈ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​អាស៊ាន ។

សម្តេច​ធិ​បតី​ក៏​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​កិច្ចសហការ​កាន់តែ​ប្រសើរ​ឡើង​លើ​បញ្ហា​ប្រឈម​ឆ្លង​ដែន និង​គំនិត​ផ្តួចផ្តើម​កសាង​សមត្ថភាព​។ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​នោះ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សរសើរ​ភាព​ជា​ដៃគូ​ដែល​កំពុង​កើនឡើង​រវាង​សហ​រដ្ឋ​អាមេរិក និង​អាស៊ាន ដោយ​បាន​សម្តែង​នូវ «​សេចក្តី​រីករាយ និង​កិត្តិយស​» របស់​លោក​ក្នុង​ការ​ធ្វើ​ជា​សាក្សី​នៃ​សេចក្តី​ប្រកាស​រួម​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ដែល​លោក​បាន​ពិពណ៌នា​ថា​ជា
«​ជំហាន​ប្រវត្តិសាស្ត្រ​ឆ្ពោះទៅ​រក​សន្តិភាព​យូរអង្វែង»​។

លោក​ប្រធានាធិបតី​ត្រាំ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​អាស៊ាន និង​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រយៈពេល​វែង​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​។

នា​ឱកាស​នោះ សម្តេច​ធិ​បតី​ក៏​បាន​សម្តែង​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ជូន​លោក​ប្រធា​នាធិបតី ត្រាំ ចំពោះ​ភាព​ជា​អ្នកដឹកនាំ​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ក្នុង​ការ​សម្របសម្រួល​កិច្ចព្រមព្រៀង​ឈប់​បាញ់​ថ្មី​ៗ​រវាង​កម្ពុជា និង​ថៃ ដោយ​កត់​សម្គាល់ថា​ការ​ចូលរួម​ជា​បន្តបន្ទាប់​របស់​លោក​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ពិតប្រាកដ​ចំពោះ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ