រាជធានីភ្នំពេញ៖ ការគេងលក់ស្រួលគឺជាមូលដ្ឋានគ្រឹះនៃសុខភាពរឹងមាំ។ បើលោកអ្នកកំពុងជួបវិបត្តិដំណេក អ្នកជំនាញណែនាំឲ្យកុំពឹងផ្អែកលើថ្នាំ តែត្រូវកែប្រែទម្លាប់រស់នៅវិញ។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត មានគន្លឹះសំខាន់ៗ ៧ យ៉ាងដែលអាចជួយកែលំអគុណភាពដំណេករបស់លោកអ្នកឲ្យលង់លក់បានស្កប់ស្កល់ពេញមួយយប់៖
១. គោរពវដ្ដដំណេកឲ្យបានទៀងទាត់ (គន្លឹះសំខាន់បំផុត)
ព្យាយាមចូលសម្រាន្ត និងភ្ញាក់ពីដំណេកឲ្យបាន ទៀងពេលវេលាដដែលៗ ជារៀងរាល់ថ្ងៃ។ ទម្លាប់នេះមានឥទ្ធិពលទៅលើសរីរៈរបស់យើងក្នុងការកំណត់គុណភាពពេលភ្ញាក់ និងពេលសម្រាកបានច្បាស់លាស់។
២. ចំណាយពេលលើគ្រែតែពេលគេង
ប្រើប្រាស់គ្រែសម្រាប់តែពេលសម្រាន្តនៅពេលយប់តែប៉ុណ្ណោះ។ ជៀសវាងធ្វើការងារ, មើលទូរទស្សន៍ ឬលេងទូរសព្ទនៅលើគ្រែ ដែលអាចធ្វើឲ្យខួរក្បាលភ្ជាប់គ្រែទៅនឹងសកម្មភាពផ្សេងៗទៀត។
៣. បង្កើតពិធីឆ្លងពីពិភពពិតទៅពិភពសុបិន
ដំណេកគឺជាការឆ្លងកាត់ពីពេលភ្ញាក់ទៅពេលសម្រាន្ត។ ដូច្នេះ៖
- ធ្វើកិច្ចការណាដែលប្រកបដោយ ភាពស្រមើស្រមៃ ដូចជា អានសៀវភៅ ឬស្តាប់ភ្លេងដែលមានលក្ខណៈស្រទន់។
- ត្រូវ បញ្ឈប់រាល់ការគិតស្មុគស្មាញ យ៉ាងតិច ១ ម៉ោង មុនពេលចូលសម្រាន្ត។
៤. ហាត់ប្រាណពេលរសៀល
ការហាត់ប្រាណអាចសម្រួលដល់ការលង់លក់បានល្អ ប៉ុន្តែត្រូវធ្វើវានៅពេលរសៀល (ប្រហែល ៥ ឬ ៦ ម៉ោងមុនពេលចូលសម្រាន្ត) ដើម្បីកុំឲ្យរាងកាយនៅតែសកម្មខ្លាំងពេកនៅពេលយប់។
៥. ងូតទឹកក្ដៅឧណ្ហៗមុនគេង
ការងូតទឹក ១ ទៅ ២ ម៉ោងមុនសម្រាន្ត ក៏អាចជួយបានដែរ ដោយសារវាជួយបន្ថយកម្ដៅខ្លួនរបស់យើង ដែលជាកត្តាសំខាន់ជំរុញឲ្យគេងលក់។
៦. គ្រប់គ្រងបរិយាកាសជុំវិញ
បរិយាកាសក្នុងបន្ទប់គឺសំខាន់ណាស់៖
- ត្រូវគ្រប់គ្រង កម្ដៅ ក្នុងបន្ទប់ឲ្យត្រជាក់ល្មម។
- កាត់បន្ថយ សំឡេង រំខាន។
- រក្សាបន្ទប់ឲ្យងងឹតដោយកាត់បន្ថយ ពន្លឺ ឲ្យបានច្រើនបំផុត។
៧. កត្តាចំណីអាហារ
- អាហារពេលល្ងាចគួរតែជា អាហារស្រាលៗ។
- ត្រូវ ជៀសវាងដាច់ខាត នូវជាតិ សុរា កាហ្វេ និង បារី មុនពេលចូលសម្រាន្ត ព្រោះសារធាតុទាំងនេះរំខានដំណេកយ៉ាងខ្លាំង៕
ចែករំលែកព័តមាននេះ