ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងគំរូនៅមូលដ្ឋាន៖ លូថ្មីជួយរំដោះជំនន់រហ័សនៅផ្សារវាលរេញ ខណៈផ្ទះធន់នឹងអា​កាស​ធាតុជួយ​គ្រួសារក្រីក្រ​ពិត​ប្រាកដ

5 ម៉ោង មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ឯកឧត្តម​បណ្ឌិត ភាវ សុ​វុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥…

​ខេត្តព្រះសីហនុ ៖ យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ឯកឧត្តម​បណ្ឌិត ភាវ សុ​វុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងបរិស្ថាន អញ្ជើញ​ចូលរួម​ជាមួយ ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាល​ខេត្ត​ព្រះ​សីហ​នុ លោកស្រី Odicea Angelo Barrios តំណាង​កម្មវិធី​អង្គការ​UN-Habitat ប្រចាំ​នៅ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក លោក សុខ វ​ណ្ណា ប្រធាន​កម្មវិធី​អង្គការ UN-Habitat ប្រចាំ​នៅ​កម្ពុជា និង​តំណាង​មន្ទីរ​ជំនាញ អាជ្ញាធរ​ស្រុក ឃុំ និង​ភូមិ និង​ប្រជាពលរដ្ឋ​ប្រមាណ​៦០០​នាក់ ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​នៅ​មុខ​ផ្សារ​វាល​រេញ និង​ប្រគល់​ផ្ទះ​គំរូ​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ចំនួន​៧​ផ្ទះ ក្រោម​គម្រោង «​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ តាម​រយៈ​អន្តរាគមន៍​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច​នៅ​តំបន់​លំនៅ​ឋាន​តំបន់ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​»​។

ឯកឧត្តម​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​គម្រោង​ខាងលើ​នេះ ដោយ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​តែង​បាន​គាំទ្រ​ដល់​ខេត្ត​កែប ​និង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​បំពេញបេសកកម្ម​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ  ដែល​ខេត្ត​ជា​អ្នក​អនុវត្ត​ដោយ​ផ្ទាល់ ជា​គម្រោង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​និរន្ត​ភាព ដែល​អាច​ចាត់ទុកជា​គម្រោង​គំរូ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ផ្សារ​ភ្ជាប់​នឹង​ការ​អនុវត្ត​ជាក់ស្តែង​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ថ្នាក់​មូលដ្ឋាន ​។ 

ជាក់ស្តែង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​បាន​ជួយ​រំដោះ​ជំនន់​រហ័ស​នៅ​តំបន់​ផ្សារ​វាល​រេញ​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​ពី​មុន​មានការ​ជន់​លិច​យ៉ាង​ខ្លាំង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ចំណែក​ឯក​ផ្ទះ​គំរូ​ចំនួន​៧​នេះ ខេត្ត​ព្រះ​សីហ​នុ​ជា​អ្នក​ជ្រើសរើស វាយតម្លៃ និង​ត្រួតពិនិត្យ​ការងា​ដោយ​ផ្ទាល់​ជា​គ្រួសារ​ក្រីក្រ​ពិតប្រាកដ គ្មាន​អ្នក​ទីពឹង​។

នៅ​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​បណ្ឌិត ភាវ សុ​វុ​ទ្ធី ប្រធាន​ប្រតិភូ​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម​។ ឯកឧត្តម ក៏​បាន​គូសបញ្ជាក់​ថា ការ​ប្រែប្រួល​អាស​ធាតុ​កាន់តែ​កើតឡើង​ញឹកញាប់ និង​ធ្ងន់ធ្ងរ​ជាង​មុន ជា​ពិសេស​នៅ​តំបន់ឆ្នេរ រួម​មាន ខ្យល់​កន្ត្រាក់ ខ្យល់ព្យុះ ការ​កើនឡើង​នូវ​សីតុណ្ហភាព ការ​ប្រែប្រួល​នូវ​របប​ទឹកភ្លៀង និង​ការ​ជ្រៀតចូល​ទឹកប្រៃ​មក​ក្នុង​តំបន់កសិកម្ម​។​ល​។

ការ​សាងសង់​ផ្ទះ​គំរូ​ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នា​ពេល​នេះ គឺ​មាន​លក្ខណ​:​ពិសេស​រឹង​មាំ​ធន់​នឹង​ខ្យល់​ខ្លាំង មាន​ពន្លឺ និង​ខ្យល់​ចេញចូល​ល្អ និង​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ប្រធាន​ប្រតិភូ​បាន​ណែនាំ​ឱ្យ​អ្នក​ទទួលផល​ពី​គម្រោង ស្នាក់​នៅ​ក្នុង​គេហដ្ឋាន​ថ្មី​នេះ​ឱ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ប្រើប្រាស់ ថែទាំ​ដើម្បី​ជា​ប្រយោជន៍​យូរអង្វែង និង​ត្រូវ​រស់នៅ​ក្នុង​បរិស្ថាន អនាម័យ​ស្អាត ផាសុកភាព និង​បង្កើន​ការ​ដាំ​ដើមឈើ​ជុំវិញ​លំនៅ​ដ្ឋា​ន​ឱ្យ​បាន​ច្រើន និង​ថែរក្សា​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ