អាមេរិក-ជប៉ុន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ពេលបំពេញទស្សនកិច្ចនៅក្រុងតូក្យូអះអាងនាថ្ងៃទី២៨ តុលា ថា សហរដ្ឋអាមេរិកនៅតែជាសម្ព័ន្ធមិត្តកម្រិតខ្ពស់បំផុតរបស់ជប៉ុន ពេលដែលអាមេរិកទាមទារឲ្យជប៉ុនបង្កើនការចំណាយខាងផ្នែកការពារ ប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន។

ជប៉ុនជាដំណាក់កាលទី២នៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិកនៅអាស៊ី បន្ទាប់ពីម៉ាឡេស៊ី មុនពេលទៅមកកាន់កូរ៉េខាងត្បូង កន្លែងដែលលោកគ្រោងជួបនាថ្ងៃទី៣០ តុលា ជាមួយសមភាគីចិនលោកស៊ីជីនពីង ដែលការជួបគ្នានោះរបស់មេដឹកនាំមហាអំណាចទាំង២នោះ សង្ឃឹមសម្រេចបានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលអាចបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម។
នៅជប៉ុននាព្រឹកថ្ងៃទី២៨តុលា លោកត្រាំជួបជាមួយនាយករដ្ឋមន្ត្រីថ្មីជប៉ុនលោកស្រីសាណាអ៊ី
តាកាអ៊ីជី ដែលទើបចូលកាន់តំណែងកាលពីសប្ដាហ៍មុន។ លោកត្រាំអះអាងពីការជួយទ្រទ្រង់ដល់ជប៉ុន។ មុនពេលជួបពិភាក្សាគ្នាលោកត្រាំថ្លែងថា ខ្ញុំនៅតែស្រឡាញ់ខ្លាំងនិងគោរពខ្លាំងចំពោះជប៉ុន។ ខ្ញុំសូមអះអាងថា នោះនឹងជាទំនាក់ទំនងឯកសិទ្ធិមួយ។ យើងជាសម្ព័ន្ធមិត្តកម្រិតខ្ពស់បំផុតមួយរបស់ជប៉ុន ។
ចំណែកលោកស្រីតាកាអ៊ីជីវិញគូសបញ្ជាក់ថា លោកស្រីចង់បើកសករាជមាសថ្មីមួយរវាងជប៉ុននិងសហរដ្ឋអាមេរិក ខណៈក្រុងតូក្យូកំពុងប្រឈមមុខចំពោះការកើនឡើងនៃឥទ្ធិពលយោធាចិន។ ប្រធានាធិបតីអាមេរិកពិនិត្យឃើញថា លោកស្រីតាកាអ៊ីជីជាមនុស្សជិតដិតខ្លាំងបំផុត និងជាមិត្ត របស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ ដែលត្រូវគេធ្វើឃាតកាលពីឆ្នាំ២០២២ជាមិត្តជិតដិតខ្លាំងបំផុតជាមួយលោកកាលពីក្នុងអាណត្តិទីមួយ។
កិច្ចការពារជាសំណុចស្នូលនៃការពិភាក្សា គ្នារវាងលោកត្រាំនិងលោកស្រីតាកាអ៊ីជី ខណៈលោកត្រាំតែងទាមទារឲ្យជប៉ុនបង្កើនការចំណាយខាងផ្នែកការពារ ដើម្បីបន្តទទួលបានកិច្ចការពាររបស់អាមេរិក។ ទាហានអាមេរិកប្រមាណជា៦០.០០០នាក់ស្ថិតនៅប្រទេសជប៉ុន ។ លោកត្រាំនាថ្ងៃទី២៨តុលានោះត្រូវជួបជាមួយទាហានទាំងនោះមួយចំនូននៅលើនាវាផ្ទុកយន្តហោះUSS GEORGE WASINGTON ដែលកំពុងស្ថិតក្នុងដែនទឹកក្រុងយូកូសាកា ភាគខាងត្បូងជប៉ុន៕
ចែករំលែកព័តមាននេះ