ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ហុង​គ្រីអបអរសាទរ​កិច្ចព្រម​ព្រៀង​​​សន្តិភាព​រវាង​កម្ពុជា​​និង​ថៃ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ឯកឧត្ដម តា​ម៉ាស ស៊ូ​ល​យ៉ូ​ក (Tamás Sulyok) ប្រធានាធិបតី​ហុង​គ្រីបាន​ចូលរួម​អបអរសាទរ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​​និង​ថៃ ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្ដម តា​ម៉ាស ស៊ូ​ល​យ៉ូ​ក (Tamás Sulyok) ប្រធានាធិបតី​ហុង​គ្រីបាន​ចូលរួម​អបអរសាទរ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​​និង​ថៃ ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៦ ខែ
តុលា​ ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

ឯកឧត្តម​ប្រធានាធិបតី​មាន​ក្តី​សង្ឃឹមថា បន្ទាត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ នឹង​វិល​ទៅ​ប្រក្រ​តី​ភាព ហើយ​ប្រជាពលរដ្ឋ​ទាំង​សងខាង​​នឹង​រស់នៅ​ដោយ​សុខ​សន្តិភាព​ឡើង​វិញ ​ក្នុង​ពេល​
ឆាប់​ៗ​ ។

ក្នុង​​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម តា​ម៉ាស ស៊ូ​ល​យ៉ូ​ក (Tamás Sulyok) ប្រធានាធិបតី​ហុង​គ្រី​។ នៅ​ក្នុង​ឱកាស​​នោះ សម្តេច​ប្រធានរដ្ឋសភា និង​ឯកឧត្តម​ប្រធានាធិបតី បាន​ពិភាក្សា​គ្នា​ជា​ច្រើន​ពី​តម្លៃ​សន្តិភាព​។

ឯកឧត្តម​ប្រធានាធិបតី ប្រទេស​ហុង​គ្រី បាន​គូសបញ្ជាក់​ថា ជា​ទូទៅ​ពលរដ្ឋ ត្រូវការ​សន្តិភាព ប៉ុន្តែ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ងាយ​នឹង​រង​គ្រោះ​ដោយសារ​សង្គ្រាម​ណាស់​។ សង្គ្រាម​ងាយ​នឹង​ផ្ទុះ​ឡើង ប៉ុន្តែ​វា​ជា​ការ​លំបាក​បំផុត​ក្នុង​ការ​បញ្ចប់សង្គ្រាម​។ ហុង​គ្រី​ក៏​ចង់​ឃើញ​ឱ្យ​មាន​កិច្ចព្រម​ព្រៀង​សន្តិភាព​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ សម្តេច​រដ្ឋសភាធិបតី បាន​ពាំនាំ​នូវ​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ជូន​ដល់ ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី​។

សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​ជម្រាប​ជូន ឯកឧត្តម​ប្រធានាធិបតី ពី​លទ្ធផល​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា នៅ​ប្រទេស​ហុង​គ្រី ដែល​ទទួល​បាន​លទ្ធផល​ជាទី​មោ​ទ​នៈ នៅ​ក្នុង​នោះ​សម្តេច​បាន​អញ្ជើញ​ទស្សនា សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ហុង​គ្រី និង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ហុង​គ្រី ប្រកបដោយ​ផ្លែផ្កា​នៅ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​។

សម្តេច​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​សម្តេច និង​ឯកឧត្ដម ឡា​ស្លូ កូ​វឺរ ប្រធានរដ្ឋសភា​ហុង​គ្រី ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក និង​ទៅ​អនាគត​។ រដ្ឋសភា​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ទាំង​កម្រិត​រដ្ឋសភា និង​កម្រិត​អគ្គលេខា​ធិការដ្ឋាន​។ អនុស្សរណៈ​ទាំង​ពីរ​នេះ​ជា ឯកសារ​ប្រវត្តិសាស្ត្រ បាន​បើក​ទំព័រ​ថ្មី​មួយទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ទាំង​សងខាង​។

ឯកឧត្ដម តា​ម៉ាស ស៊ូ​ល​យ៉ូ​ក បាន​បញ្ជាក់​ថា ប្រទេស​ហុង​គ្រី បាន​ត្រៀម​ជា​ស្រេច​នៅ​ក្នុង​ការ​ថ្វាយ​ការ​ស្វាគមន៍​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រទេស​ហុង​គ្រី​ដែល​ជា​និមិត្តរូប​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​ដ៏​យូរលង់​និង​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ​។

ឯកឧត្តម​ប្រធានាធិបតី បាន​គាំទ្រ​ការ​លើក​ឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា និង​បាន​កោត​សរ​សើរ​​ចំពោះ​ការ​រីក​ចម្រើន​របស់​កម្ពុជា ដោយ​មាន​ជំនឿ​មុតមាំ​ថា គោលដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា ឆ្នាំ​២០៣០​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​នឹង​សម្រេច​បាន​ដូច​បំណង​ជាក់​ជា​មិន​ខាន​ឡើយ​។

ជា​ចុងបញ្ចប់​ សម្តេច​ប្រធានរដ្ឋសភា បាន​ស្នើ​ឯកឧត្តម​ប្រធានាធិបតី ជួយ​ជំរុញ​សក្តានុពល​ថ្មី​ៗ ដែល​ប្រទេស​ទាំង​ពីរ​មាន​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ មាន​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ