ទីក្រុងវ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិករំពឹងថា ប្រទេសថៃនឹងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ នេះបើតាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ តុលា ដោយស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិក ក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់កាលពីថ្ងៃទី២៧ តុលា កន្លងទៅ។
មន្ត្រីរូបនោះ បាននិយាយថា «ការរំពឹងទុករបស់យើងលើដំណើរការនេះ ទាក់ទងនឹងការប្តេជ្ញាចិត្តទាំងអស់ នឹងចាប់ផ្តើមភ្លាមៗនៅពេលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា»។
ដោយឡែក មុនកិច្ចប្រជុំដែលបានគ្រោងទុករបស់លោក ត្រាំ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង (Xi Jinping) នៅថ្ងៃទី៣០ ខែតុលា ខាងមុខនេះ នៅខាងក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូង មន្ត្រីដដែលរូបនោះ ក៏បាននិយាយថា គោលនយោបាយរបស់អាមេរិកលើតៃវ៉ាន់ គឺមិនបានផ្លាស់ប្តូរសូម្បីតែបន្តិច។ មន្ត្រីរូបនោះក៏បានបន្ថែមដែរថា គោលនយោបាយរបស់អាមេរិកចំពោះកូរ៉េខាងជើងក៏នៅតែដដែល គឺការរំសាយអាវុធនុយក្លេអ៊ែរ៕ ប្រភព ៖ Reuters

ចែករំលែកព័តមាននេះ