រាជធានីភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការកំណត់គោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យបានល្អ បង្ហាញនូវភាពម៉ឹងម៉ាត់របស់អ្នកដឹកនាំសុខាភិបាល ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងបែបនេះ នៅពេលដឹកនាំវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្ត្រីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣២៨៩រូប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរលើការប្រែប្រួល ជាវិជ្ជមាន នូវផ្នត់គំនិត និងការពិចារណារបស់មន្ត្រីសុខាភិបាល ក្នុងការស្វះស្វែងរកចំណុចកែលម្អ ក្នុងការងារបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងទំនួលខុសត្រូវ ។
ថ្ងៃនេះ ឯកឧត្តមសាស្ត្រាចារ្យ បានលើកយកប្រធានបទ ៖ វិធីសាស្ត្រធ្វើការងាររបស់អ្នកដឹកនាំ ចំនួន ២ចំណុច មកចែករំលែក រួមមាន (១) អ្នកដឹកនាំត្រូវចេះទាញយកបទពិសោធន៍ ពីការសម្រេចកិច្ចការបានជោគជ័យកន្លងមក ឱ្យក្លាយជាទម្លាប់ល្អ សម្រាប់អនុវត្តការងារ និង(២) អ្នកដឹកនាំត្រូវមានជំហរកំណត់គោលដៅឱ្យបានខ្ពស់ ដើម្បីផលប្រយោជន៍របស់អ្នកនៅជុំវិញខ្លួន និងសង្គម ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានចែករំលែកលើប្រធានបទ វិចារវិជ្ជាសម្ភារនិយម ដោយលើកយកលក្ខណៈរបស់សច្ចៈធម៌ កើតចេញពីការអនុវត្តជាក់ស្តែង ដែលជាយន្តការមួយ សម្រាប់បង្កើនចំណេះដឹង និងស្វែងរកការពិត។
សប្តាហ៍នេះ ក្រុមការងារ នៃមន្ទីរពេទ្យព្រះអង្គឌួង បានលើកយកប្រធានបទស្តីពី វិធីសាស្ត្រទាក់ទាញ និងរក្សាអ្នកជំងឺឱ្យមកប្រើប្រាស់សេវាឱ្យបានច្រើន។ ក្រុមការងារបានរំលេចពីកត្តាស្លាប់រស់ របស់មន្ទីរពេទ្យ រួមមាន៖ (១)ការពង្រឹងក្រមសីលធម៌ និងភាពមានវិជ្ជាជីវៈរបស់គ្រូពេទ្យ (២)ការគោរពឱ្យបាននូវគោលការណ៍ ខិតខំកាត់បន្ថយការឈឺចាប់របស់អ្នកជំងឺ និង(៣) ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង របស់អ្នកបម្រើសេវា និងការបណ្តុះបណ្តាល៕

ចែករំលែកព័តមាននេះ