ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី លើក​ឡើង ១២ ចំណុច ដើម្បីឱ្យ​ដំណើរការ​អប់រំ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០២៥-២០២៦ ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សារលិខិត ថ្លែងក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២៥-២០២៦ នៅ​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥…

រាជធានី​ភ្នំពេញ ៖ សារលិខិត ថ្លែងក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២៥-២០២៦ នៅ​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​លើក​ឡើង ១២ ចំណុច ដើម្បី​ឱ្យ​ដំណើរការ​អប់រំ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០២៥-២០២៦ ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ ៖

ទី​១- ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ ដូចដែល​បាន​ដាក់​ចេញ​រួច​ហើយ ជា​ពិសេស​ការ​បន្ត​ពង្រឹង​អភិបាលកិច្ច​សាលារៀន តាម​រយៈ​ការ​អនុវត្ត​ស្តង់ដា​សាលារៀន​គំរូ និង​បន្ត​សហការ​ជិត​ស្និទ្ធ​ជាមួយ​លេខាធិការដ្ឋាន​នៃ គ​.​វ​.​អ​. ដោយ​ឈរ​លើ​គោលការណ៍​មិន​ពង្រីក​ចំនួន​សាលារៀន​គោលដៅ ប៉ុ​ន្ត​ខិតខំ​បង្កើន​ប្រសិទ្ធភាព និង​ចីរភាព​នៃ​ការ​អនុវត្ត​កម្មវិធី គ​.​វ​.​អ​. នៅ​តាម​សាលា​បឋម​សិក្សា​គោលដៅ​ទាំង ១៦១ ដែល​មាន​ស្រាប់ ។

ទី​២- ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី ខេត្ត និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ចុះ​ស្រង់​ស្ថិតិ​កុមារ និង​សិស្សានុសិស្ស​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ នៅ​ក្នុង​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ និង​ជំរុញ​កុមារ និង​សិស្សានុសិស្ស​ទាំងនោះ​ឱ្យទៅ​ចុះ​ឈ្មោះ​ចូល​រៀន (​ថ្មី​) ឬ ចូល​រៀន​បន្ត​នៅ​តាម​សាលារៀន​ដែល​នៅ​ជិត​កន្លែង​ស្នាក់​នៅ​បំផុត ជា​ពិសេស​ប្រមូល​ព័ត៌មាន​កុមារ និង​សិស្សានុសិស្ស​ដែល​មាន​តម្រូវការ​ពិសេស ដោយ​ត្រូវ​ផ្ដល់​ការ​សម្រប​សម្រួលការ​គាំទ្រ និង​ការ​រៀបចំ​នីតិវិធី​ងាយ​ៗ សម្រាប់​ការ​ចុះ​ឈ្មោះ​កុមារ និង​សិស្សានុសិស្ស​ទាំងនោះ ដោយ​មិន​ចាំបាច់​ទាមទារ​នូវ​ឯកសារ​តម្រូវ ដូច​ជា​សំបុត្រ​កំណើត ឬ​សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ ឬ​សំបុត្រ​ពេទ្យ​ជាដើម​។​ល​។

ទី​៣- ចំពោះ​សាលារៀន​ដែល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ ដោយសារ​មីន ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​សាលារៀន ក្នុង​គោលបំណង​វាយតម្លៃ​ផល​ប៉ះពាល់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​តម្រូវ​ឱ្យ​មានការ​បោសសម្អាត​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ជា​មុន មុន​នឹង​គិតគូរ​រៀបចំ​ផែនការ​សាងសង់ និង​ជួសជុល​សំណង់​អគារ​ឡើង​វិញ ដោយ​រួម​បញ្ចូល​ទាំង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​មានការ​យល់​ដឹង​អំពី​យុទ្ធភណ្ឌ គ្រឿងផ្ទុះ ដល់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ព្រមទាំង​ធ្វើការ​បោសសម្អាត​ជា​មុន ដើម្បី​ធានា​សុវត្ថិភាព​ដល់​ដំណើរការ​រៀន​និង​បង្រៀន ។ ចំពោះ​សាលារៀន​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង និង​មិន​អាច​ដំណើរការ​រៀន និង​បង្រៀន​បាន​នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ មន្ទីរ​អប់រំ យុវជន និង​កីឡា និង​គណៈ​គ្រប់គ្រង​សាលារៀន ត្រូវ​ជ្រើសរើស​សាលារៀន​ដែល​នៅ​ជិត ហើយ​ជា​កន្លែង​នៅ​ជិត​ទីតាំង​ស្នាក់​នៅ​របស់​សិស្ស​ផង​ដែរ ដើម្បី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី និង​ដំណើរការ​រៀន និង​បង្រៀន​ជា​បណ្ដោះអាសន្ន ។ ចំពោះ​តំបន់ និង​សាលារៀន​ដែល​មិន​អាច ដំណើរការ​រៀន និង​បង្រៀន​បាន មន្ទីរ​អប់រំ យុវជន និង​កីឡា ត្រូវ​សម្របសម្រួល​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច រៀបចំ​បង្កើត​ថ្នាក់រៀន​នៅ​តាម​ជំរំ ដូច​ជា​ជំរំ​វត្ត​ពោធិ ៥០០០​ដើម និង​ទួល​អណ្តែត ជាដើម តាម​កម្រិតសិក្សា​ជាក់ស្តែង ។

ទី​៤- ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​សហការ​គ្នា​ក្នុង ការ​សាកល្បង​អនុវត្ត​គន្លង​អប់រំ​ថ្មី​ចាប់ពី​ថ្នាក់​ទី ១០ រួម​មាន​គន្លង​វិទ្យាសាស្ត្រ គន្លង​វិទ្យាសាស្ត្រ​សង្គម និង​គន្លង​វិជ្ជាជីវៈ នៅ​តាម​វិទ្យាល័យ​ដែល​មាន​សក្តានុពល​មួយ​ចំនួន ជា​ពិសេស​វិទ្យាល័យ​ដែល​មាន អគារ​ធនធាន វិទ្យាល័យ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់ឧស្សាហកម្ម ក្នុង​គោលបំណង​ផ្តល់​ឱ្យ​សិស្សានុសិស្ស​នូវ​គន្លង​អប់រំ​ដែល​មាន​រចនាសម្ព័ន្ធ និង​ផែនការ​គ្រប់​ជ្រុងជ្រោយ ឆ្ពោះទៅ​សម្រេច​បាន​នូវ​គោលបំណង​សិក្សា និង​អាជីព​នា​ពេល​អនាគត តាម​រយៈ​ការ​រៀបចំ​កម្មវិធី​តម្រង់​ទិស​ការ​សិក្សា​ចាប់ពី​ថ្នាក់​ទី ៧ និង​ការ​បែងចែក​សិស្ស​តាម​គន្លង​អប់រំ​ថ្មី​នៅ​ថ្នាក់​ទី ១០ ដោយ​ផ្អែក​លើ​សមត្ថភាព និង​ឧបនិស្ស័យ ។

ទី​៥- គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ត្រូវ​អនុវត្ត​កម្មវិធី​សិក្សា​ផ្លូវការ​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព ជា​ពិសេស​ត្រូវ​រិះរក​វិធី​ដើម្បី​អនុវត្ត​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា ក្នុង​គោលដៅ​បន្ថែម ២​ម៉ោង​សិក្សា​យ៉ាងតិច​ក្នុង​មួយ​ថ្ងៃ ដោយ​ផ្តោត​លើ​ការ​បង្រៀន​បន្ថែម​មុខ​វិជ្ជា​សិក្សា​គោល ដូច​ជា​ភាសា​ខ្មែរ អំ​ណា​ន និង​គណិត​វិទ្យា ព្រមទាំង​ការ​ពង្រឹង​វិន័យ សីលធម៌ និង​ឥរិយាបថ ។

ទី​៦- គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ត្រូវ​បន្ត​លើកកម្ពស់​អនាម័យ និង​បរិស្ថាន​ស្អាត​នៅ​តាម​សាលារៀន ដោយ​បង្កើន​សកម្មភាព​អប់រំ​សុខភាព ការ​រៀបចំ​បន្ទប់​សុខភាព​តាម​ស្ដង់ដា ការ​ពិនិត្យ​មើល​សុវត្ថិភាព​ចំណី អាហារ​និង​អាហារូបត្ថម្ភ ការ​រៀបចំ​បរិស្ថាន​សាលារៀន​បៃតង សាលារៀន​ស្អាត​គ្មាន​សំរាម ជាដើម ។ ទន្ទឹម​នេះ គ្រឹះស្ថានសិក្សា​ត្រូវ​គិតគូរ​អំពី​ការ​គាំទ្រ​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព​របស់​គ្រូបង្រៀន និង​សិស្សានុសិស្ស ដោយ​ត្រូវ​បញ្ចូល​កម្មវិធី​អប់រំ​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព ដើម្បី​កាត់​បន្ថយ ការ​ឈឺ​ថ្កាត់ និង​ផល​ប៉ះពាល់​លើ​សុខភាព ។

ទី​៧- ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​អនុវត្ត​កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន សំដៅ​លើកកម្ពស់​គុណ​វុ​ឌ្ឍ​គ្រូបង្រៀន​ឱ្យ​ស្រប​តាម​ស្ដង់ដា​វិជ្ជាជីវៈ​គ្រូបង្រៀន និង​ត្រូវ​រៀបចំ​កម្មវិធី អភិវឌ្ឍ​វិជ្ជាជីវៈ​ជា​ប្រចាំ​ដល់​គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រូបង្រៀន ជា​ពិសេស​ការ​យល់​ដឹង និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​បញ្ញា​សិប្បនិម្មិត នៅ​ក្នុង​ការ​បំពេញការងារ ។

ទី​៨- ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវធ្វើ​សមាហរណកម្ម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ទៅ​ក្នុង​កម្មវិធី​សិក្សា​គ្រប់​កម្រិត ដោយ​ជំរុញ​ការ​បង្កើត​មជ្ឈមណ្ឌល​អប់រំ​ឌី​ជី​ថ​ល ការ​រៀបចំ​ថ្នាក់រៀន ឆ្លាត​វៃ ការ​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​នៅ​តាម​សាលារៀន ការ​លើកកម្ពស់​សមត្ថភាព​ឌី​ជី​ថ​ល​ដល់ គ្រូបង្រៀន ការ​ផលិត​និង​ការ​កែ​លម្អ​មាតិកា​សិក្សា និង​ការ​ផ្សព្វផ្សាយ​មាតិកា​ឌី​ជី​ថ​ល ឱ្យ​កាន់តែ​ទូលំទូលាយ ។

ទី​៩- មាតាបិតា អាណាព្យាបាល​គ្រប់​រូប សូម​នាំ​កូនចៅ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន និង​ចូលរួម​តាមដាន ការ​សិក្សា អត្ត​ចរិត សីលធម៌ និង​សុជីវធម៌​របស់​កូនចៅ ទាំង​នៅ​ក្នុង​គ្រួសារ និង​ក្នុង​សហគមន៍ ព្រមទាំង​ជួយ​បង្រៀន​កូន​បន្ថែម ឬ​បង្ក​លក្ខណៈ​ឱ្យ​កូន​បាន​សិក្សា​បន្ថែម​ពេល​នៅផ្ទះ ជា​ពិសេស សូម​ចំណាយពេល​ចូលរួម​អាន​សៀវភៅ​ជាមួយ​កូន ។

ទី​១០- ក្មួយ​ៗ​សិស្សានុសិស្ស យុវជន យុវនារី​ទាំងអស់ សូម​បន្ត​ខិតខំ​រៀនសូត្រ​ឱ្យ​បាន​ជ្រៅជ្រះ និង​ស្រាវជ្រាវ ឱ្យ​បាន​ខ្ជាប់ខ្ជួន ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​អត្ត​ចរិត គុណធម៌ និង​សីលធម៌​ល្អ​ប្រពៃ ព្រមទាំង​ចូលរួម ធ្វើ​តែ​អំពើ​ល្អ ដើម្បី​ការ​រីក​ចម្រើន​និង​សន្តិភាព​នៅ​ក្នុង​គ្រួសារ សង្គម និង​ប្រទេស​ជាតិ​យើង​ទាំងមូល ។ សូម​ក្មួយ​ៗ​ចង​ចាំ​ថា ប្រទេស​ជាតិ​ខ្លាំង​ដោយសារ​ធនធានមនុស្ស​មានគុណ​ភាព ហើយ​បើ​ស្រឡាញ់​ខ្លួន ស្រឡាញ់​ឪពុក​ម្តាយ និង​ចង់បាន​អនាគត​រុងរឿង គឺ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អបាយមុខ គ្រប់​រូបភាព ។

ទី​១១- គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ វិស័យ​ឯកជន សង្គម​ស៊ី​វិល អង្គការ​ជាតិ​-​អន្តរជាតិ សូម​បង្កើន​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ពង្រឹង​មូលធន មនុស្ស​នៅ​កម្ពុជា ។

ទី​១២- គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ សូម​បន្ត​ជួយ​ផ្សព្វផ្សាយ ឱ្យ​បាន​ទូលំទូលាយ អំពី​យុទ្ធនាការ​ប្រមូល​កុមារ​ចូល​រៀន និង​សារៈសំខាន់​នៃ​ការ​អប់រំ ជា​ពិសេស ការ​ផលិតកម្ម​វិធី​អប់រំ និង​វី​ដេ​អូ​បង្រៀន ដើម្បី​ឱ្យ​សេវា​អប់រំ​កាន់តែ​គ្របដណ្ដប់​ទៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​ស្រប​ទៅ​នឹង​ទស្សនាទាន​នៃ​ការ​អប់រំ​ពេញ​មួយ​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ