ខេត្តស្វាយរៀង ៖ បើតាមសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនសំណុំរឿងករណីឃាតកម្មលើនិស្សិត និងជាកីឡាករបាល់ទាត់ខេត្តស្វាយរៀង ទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធី ហើយលោកចៅក្រមបានចេញដីកាឃុំខ្លួនជនសង្ស័យទាំង៣នាក់ ទាំងជនដៃដល់ ទាំងអ្នកផ្តើមគំនិត និងអ្នកសមគំនិតដាក់ពន្ធនាគារខេត្តរួចហើយ នៅរសៀលថ្ងៃទី១៣ វិច្ឆិកានេះ។

ហើយមហាជនបានអបអរសាទរចំពោះចំណាត់ការរបស់តុលាការសាលាដំបូងខេត្តស្វាយរៀង ដែលចេញដីកាឃុំខ្លួនបណ្តោះអាសន្នទៅលើជនសង្ស័យទាំង៣នាក់នេះ។
ទាក់ទិនករណីខាងលើនេះដែរ លោកវរសេនីយ៍ឯក ខឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្ត បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ប្រាក់ សុធារាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ ជាជនដៃដល់ ជាប់ចោទពីបទហិង្សាមានស្ថានទម្ងន់ទោសដោយមរណភាព តាមមាត្រា២២៤ ដាក់ពន្ធនាគារចាប់ពី៧ឆ្នាំដល់១៥ឆ្នាំ។ ជនត្រូវចោទឈ្មោះ អេង វិចាអក្ខរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកឌុបជនដៃដល់) ជាប់ចោទពីបទហិង្សា មានស្ថានទម្ងន់ទោសដោយមរណភាព តាមមាត្រា២២៤ ដាក់ពន្ធនាគារចាប់ពី៧ឆ្នាំដល់១៥ឆ្នាំ។

ប្រភពដដេលបន្តថា ចំណែកជនត្រូវចោទឈ្មោះ សុខ ទិត្យវាសនា ភេទប្រុស អាយុ២០ឆ្នាំ (អ្នកផ្តល់កាំបិត) ជាប់ចោទពីបទហិង្សាមានស្ថានទម្ងន់ទោសដោយមរណភាព តាមមាត្រា២៩ នៃច្បាប់ព្រហ្មទណ្ឌ ជាប់ពន្ធនាគារចាប់ពី០៧ឆ្នាំទៅ១៥ឆ្នាំ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១០ វិច្ឆិកា ២០១៩ វេលាម៉ោង៦និង៤០នាទីល្ងាច មានករណីហិង្សាមួយកើតឡើងទៅលើកីឡាករបាល់ទាត់ឈ្មោះ វ៉ាវី សាល អាយុ១៨ឆ្នាំ ជានិស្សិត ត្រូវឃាតករកាប់ប្រហារ ខណៈកំពុងជិះម៉ូតូបណ្តើរមិត្តស្រីដើរលេងតាមដងផ្លូវនៃទន្លេវ៉ៃគោ ត្រង់ចំណុចខាងលិចស្ពានគយត្របែក ទល់មុខសាលប្រជុំទន្លេវ៉ៃគោ ស្រាប់តែត្រូវជនសង្ស័យកាប់ពីក្រោយមូយកាំបិតចំ.ក របួសយ៉ាងធ្ងន់ធ្ងរហូរឈាមស្រោចដងខ្លួនរហូតដល់អស់ឈាមពីក្នុងខ្លួនស្លាប់តែម្តង។
សូមរំលឹកទៀតថា ៖ កីឡាករម្នាក់កំពុងជិះម៉ូតូឌុបមិត្តស្រី ត្រូវគេកាប់ប្រហារយ៉ាងសាហាវ
សូមរំលឹកទៀតថា ៖ ចាប់បានហើយ ជនដៃដល់ដែលកាប់កីឡាករម្នាក់កំពុងឌុបមិត្តស្រីយ៉ាងសាហាវ។ (កែសម្រួលដោយ ៖ បុប្ផា)










ចែករំលែកព័តមាននេះ