សហភាពអឺរ៉ុបបានអោយដឹងថា កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ខ្លួនបានបញ្ជូនរបាយការណ៍ បឋមនៃការស៊ើបអង្កេតដែលខ្លួនចាប់ផ្តើមធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលថា តើត្រូវព្យួរគម្រោងលើកលែងពន្ធ EBA សម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ឬយ៉ាងណា។
ចំណែកប្រទេសកម្ពុជា មានរយៈពេលមួយខែសម្រាប់ការឆ្លើយតបទៅនឹងរបាយការណ៍ដែលផ្តល់ដោយសហភាពអឺរ៉ុបហើយ បន្ទាប់មកទៀតសហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តជាចុងក្រោយនៅខែកុម្ភៈ ឆ្នាំ២០២០។
មុនពីរថ្ងៃនៃការបញ្ជូនរបាយការណ៍បឋមដោយសហភាពអឺរ៉ុប ប្រទេសកម្ពុជាបានចាត់ វិធានការណ៍ជាវិជ្ជមានមួយ ដោយផ្តល់សេរីភាពអោយលោក កឹម សុខា អាចធ្វើដំណើរបានទូទាំងប្រទេសកម្ពុជា ប៉ុន្តែមិនអោយធ្វើនយោបាយ និងមិនអោយចេញក្រៅប្រទេស។
អ្នកនាំពាក្យសហភាពអឺរ៉ុបបានចាត់ទុកថា នោះគឺជាវិធានការណ៍មួយស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ។ ប៉ុន្តែសហភាពអឺរ៉ុបនៅតែបន្តទាមទារអោយមានការដោះលែងលោកកឹមសុខា ទាំងស្រុង ហើយអោយលោកអាចធ្វើនយោបាយដូចដើមវិញ។ ជាមួយគ្នានោះសហភាពអឺរ៉ុបក៏ស្នើអោយដោះលែងសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងដែលត្រូវចាប់ខ្លួននៅពេលថ្មីៗនេះផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ