ទីក្រុងតេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ប្រកាសថាខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ការវាយប្រហារជើងគោកចូលទឹកដីរបស់ខ្លួន។ ការថ្លែងដូច្នេះបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអាមេរិកបញ្ជូនកងទ័ពជើងគោក៣៥០០នាក់ទៅដល់មជ្ឈិមបូព៌ាហើយ។ គោលដៅសំខាន់ដើម្បីវាយកាន់កាប់ទីតាំងយុទ្ធសាស្ត្រដូចជាច្រកសមុទ្រហ័រម៉ូស និងកោះខាក (Kharg) ដែលជាទីតាំងស្តុកទុកប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់។

ប្រធានរដ្ឋសភាអ៊ីរ៉ង់ចោទប្រកាន់ថាអាមេរិកទន្ទឹមនឹងការប្រកាសជាចំហថាខ្លួនចង់ចរចាបញ្ចប់សង្គ្រាមតាមមធ្យោបាយការទូត ប៉ុន្តែក៏ត្រៀមវាយប្រហារជើងគោកផងដែរ។ លោកថ្លែងបន្តទៀតថាពួកសត្រូវបានផ្ញើសារនយោបាយជាចំហអំពីគោលបំណងចង់ចរចា និងសន្ទនាគ្នា។ ប៉ុន្តែពួកគេរៀបចំផែនការសម្ងាត់ដើម្បីវាយប្រហារជើងគោក។ លោកថាពួកអាមេរិកាំងអត់បានដឹងទេថាកងទ័ពរបស់យើងកំពុងរង់ចាំពួកគេ។ ឱ្យតែហ៊ានចូលមក ពួកគេនឹងត្រូវយើងដុតឱ្យឆេះក្នុងភ្លើងយ៉ាងសន្ធោសន្ធៅ ហើយយើងក៏នឹងប្រៀនប្រដៅក្រុមប្រទេសដៃគូរបស់ពួកគេនៅក្នុងតំបន់ឱ្យរាងចាលជារៀងរហូតផៀងដែរ។

សារព្រមានរបស់ប្រធានរដ្ឋសភារូបនេះធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ចុះផ្សាយថាមន្ទីបញ្ចកោណបានចំណាយពេលរាប់សប្ដាហ៍មកហើយដើម្បីរៀបចំផែនការបើកប្រតិបត្តិការជើងគោកនៅអ៊ីរ៉ង់។ ប៉ុន្តែមិនមែនជាការវាយលុកទ្រង់ទ្រាយធំទេ។ នោះជាការវាយលុកកាន់កាប់ទីតាំងសំខាន់ៗតែប៉ុណ្ណោះ។ ចំណាត់ការនេះកើតឡើងចំពេលដែលលោកត្រាំ និងមន្ត្រីកំពូលៗនៅសេតវិមានឱ្យសញ្ញាថាពួកគេចង់បិទបញ្ចប់សង្គ្រាមនេះឱ្យបានឆាប់។

គេមិនទាន់យល់ច្បាស់អំពីបំណងពិតរបស់រដ្ឋាភិបាលរបស់លោកត្រាំនៅឡើយទេព្រោះទន្ទឹមនឹងការចង់បញ្ចប់សង្គ្រាមឱ្យបានឆាប់ អាមេរិកបែរជាបញ្ជូនកងទ័ពកាន់តែច្រើនឡើងៗ រួមទាំងនាវាដឹកយន្តហោះមួយគ្រឿងថែមទៀតទៅតំបន់មជ្ឈិមបូព៌ា។ នាវាដឹកយន្តហោះឈ្មោះយូអែសអែស ទ្រីប៉ូលី (USS Tripoli) បានទៅដល់មជ្ឈិមបូព៌ាតាំងពីម្សិលមិញ ដោយពាំនាំទៅជាមួយនូវកងទ័ពអាមេរិក៣៥០០នាក់។ នេះបើយោងតាមបញ្ជាការដ្ឋានកណ្ដាលនៃយោធាអាមេរិកបង្ហោះសារនៅលើបណ្ដាញអ៊ិច។

រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថាផែនការសន្តិភាព១៥ចំណុចដែលអាមេរិកបានដាក់ចេញនោះអ៊ីរ៉ង់បានត្រឹមតែយកទៅពិនិត្យមើល។ ប៉ុន្តែពួកគេមិនបានឆ្លើយតបទេ។ លោកហ្កាលីបាហ្វ (Ghalibaf) ដែលជាអ្នកនយោបាយដាច់ខាតនិយមម្នាក់របស់អ៊ីរ៉ង់អះអាងថាអាមេរិកដោយសារមិនទទួលជោគជ័យផ្នែកយោធា ពួកគេក៏ងាកទៅប្រើនយោបាយការទូតវិញម្ដងដោយដាក់ចេញផែនការ១៥ចំណុច។ លោកថ្លែងថាដរាបណាអាមេរិកនៅតែចង់ឱ្យអ៊ីរ៉ង់ចុះចាញ់សង្គ្រាមនេះ ចម្លើយតបរបស់យើងគឺច្បាស់លាស់ណាស់។ យើងនឹងមិនទទួលយកនូវភាពអាម៉ាស់ជាដាច់ខាត៕ ប្រភព៖ ទូរទស្សន៍អឹនប៊ីស៊ី (NBC) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ