ទីក្រុងដាម៉ាស់៖ ស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែមានភាពច្របូកច្របល់ ខណៈដែលកងកម្លាំងសងសឹករបស់អ៊ីរ៉ង់បានបើកការវាយប្រហារយ៉ាងចាស់ដៃទៅលើមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាម៉េរិកនៅភាគឦសាននៃប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី៣០ ខែមីនានេះ។
បើតាមអង្គការសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី គ្រាប់រ៉ុក្កែត និងដ្រូនអត្តឃាតជាច្រើនគ្រឿងបានបាញ់ស្រោចទៅលើមូលដ្ឋានទ័ពអាម៉េរិកទាំងនោះដែលបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធយោធាជាច្រើន ប៉ុន្តែមិនមានរបាយការណ៍អំពីគ្រោះថ្នាក់ដល់ជីវិតកងទ័ពអាម៉េរិកនៅឡើយទេ។
ក្នុងប្រតិបត្តិការវាយប្រហារដែលអូសបន្លាយតាំងពីកណ្ដាលអាធ្រាត្ររហូតដល់ព្រលឹមស្រាងៗ ប្រព័ន្ធការពារអាកាសរបស់អាម៉េរិកបានព្យាយាមស្ទាក់ចាប់ដ្រូនជាច្រើនគ្រឿង ប៉ុន្តែនៅមានគ្រាប់រ៉ុក្កែតមួយចំនួនបានធ្លាក់ចំគោលដៅ និងបង្កការខូចខាតយ៉ាងដំណំ។ សកម្មភាពយោធានេះបានធ្វើឱ្យតំបន់ទាំងមូលធ្លាក់ក្នុងស្ថានភាពអាសន្ន និងមានការហោះហើរយ៉ាងមមាញឹកពីសំណាក់យន្តហោះចម្បាំងអាម៉េរិក ដើម្បីការពារដែនអាកាស និងត្រៀមលក្ខណៈតបតវិញគ្រប់ពេលវេលា។
យុទ្ធនាការសងសឹកនេះគឺជាប្រតិកម្មតបវិញរបស់អ៊ីរ៉ង់ បន្ទាប់ពីមហន្តរាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេហេរ៉ង់ និងបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ជាច្រើនរូបទៀត។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានប្តេជ្ញាបើកការវាយប្រហារឥតឈប់ឈរទៅលើរាល់ទ្រព្យសម្បត្តិ និងមូលដ្ឋានទ័ពរបស់អាម៉េរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដើម្បីសងឈាមជូនមេដឹកនាំរបស់ខ្លួន៕
ចែករំលែកព័តមាននេះ