ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីខែមេសានេះតទៅ តម្លៃពន្ធរថយន្តអគ្គិសនី និងសម្ភារអគ្គិសនី ជាច្រើនមុខនឹងត្រូវបញ្ចុះមកត្រឹម០%

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កែសម្រួល​បញ្ចុះ​អត្រាពន្ធគយ និង​អត្រា​អាករ​លើ​មុខទំនិញ​នាំ​ចូល​-​នាំ​ចេញ​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ធ្វើការ​កែសម្រួល​បញ្ចុះតម្លៃ​អត្រាពន្ធគយ និង​អត្រា​អាករ នាំ​ចេញ​លើ​មុខទំនិញ​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កែសម្រួល​បញ្ចុះ​អត្រាពន្ធគយ និង​អត្រា​អាករ​លើ​មុខទំនិញ​នាំ​ចូល​-​នាំ​ចេញ​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ធ្វើការ​កែសម្រួល​បញ្ចុះតម្លៃ​អត្រាពន្ធគយ និង​អត្រា​អាករ នាំ​ចេញ​លើ​មុខទំនិញ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​គ្រឿង​ប្រើប្រាស់​អគ្គិសនី​, ឧបករណ៍​សាក​អា​គុយ​រថយន្ត​អគ្គិសនី​, ចង្កៀង​សូ​ឡា ព្រម​ជាមួយនឹង​គ្រឿង​ប្រើប្រាស់​អគ្គិសនី​មួយ​ចំនួន​ទៀត ក្នុង​នោះ​ក៏​រួម​មាន រថយន្ត​ដឹក​អ្នកដំណើរ និង​ដឹក​ទំនិញ​ប្រភេទ HEV, PHEV និង EV ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នា​ថ្ងៃ​ទី​២៩ ខែមីនា​នេះ ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យ​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​លេខ ៥២ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ ស្តី​ពី​ការ​កែសម្រួល​អត្រាពន្ធគយ និង​អត្រា​អាករ​នាំ​ចេញ លើ​មុខទំនិញ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១. បញ្ចុះ​អត្រាពន្ធ​នាំ​ចូល​ពី ៧% មក ០% លើ​មុខទំនិញ ឧបករណ៍​សាក​អា​គុយ​រថយន្ត​អគ្គិសនី​, ឆ្នាំង​ដាំបាយ អគ្គិសនី និង​ចង្កៀង​សូ​ឡា ចំនួន ០៩ បន្ទាត់​ពន្ធ
២. បញ្ចុះ​អត្រាពន្ធ​នាំ​ចូល​ពី ១៥% មក ០% លើ​មុខទំនិញ ម៉ូ​ទ័​រ​សម្រាប់​យានយន្ត​អគ្គិសនី​, ប្រព័ន្ធ​ថាមពល សូ​ឡា​, អា​គុយ​លី​ចូ​ម (​អា​គុយ​កុំព្យូទ័រ​យួរដៃ​, អា​គុយ​យន្តហោះ​, អា​គុយ​យានយន្ត​, អា​គុយ​សូ​ឡា និងឧបករណ៍​ផ្ទុក​ថាមពល​ដូច​ជា Power bank, Power station, ថ្ម​ទូរ​សព្ទ ជាដើម​), ចង្ក្រាន​កម្ដៅ​អគ្គិសនី​, កំសៀវ​អគ្គិសនី​, រថយន្ត​ដឹក​អ្នកដំណើរ និង​ដឹក​ទំនិញ​ប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់​ពន្ធ
៣. បញ្ចុះ​អត្រាពន្ធ​នាំ​ចូល​ពី ៣៥% មក ៧% លើ​មុខទំនិញ​រថយន្ត​គ្រួសារ​ប្រភេទ PHEV ចំនួន ៩២ បន្ទាត់​ពន្ធ
៤. បញ្ចុះ​អត្រាពន្ធ​នាំ​ចូល​ពី ៣៥% មក ០% លើ​មុខទំនិញ ចង្ក្រានអគ្គិសនី​, ចង្ក្រាន​អាំង​នំប៉័ង និង​រថយន្ត គ្រួសារ​ប្រភេទ EV ចំនួន ១២ បន្ទាត់​ពន្ធ
៥. បញ្ចុះ​អត្រា​អាករ​នាំ​ចេញពី ២៥% មក ១០% លើ​មុខទំនិញ​រ៉ែ​បុក​ស៊ី​ត (​រ៉ែ​អាលុយមីញ៉ូម​) ចំនួន ០១ បន្ទាត់​ពន្ធ​។
អត្រាពន្ធគយ​ និង​អត្រា​អាករ​នាំ​ចេញ​កែសម្រួល​ថ្មី​នេះ នឹង​ចូល​ជា​ធរមាន ​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​តទៅ​ ៕