ខេត្តសៀមរាប ៖ រដ្ឋបាលស្រុកស្រីស្នំ រៀបចំពិធីពីសារអាហារសាមគ្គី និងល្បែងប្រជាប្រិយ ក្នុងន័យលើកទឹកចិត្ត និងបង្កើតភាពរីករាយជាមួយបងប្អូនភៀសសឹក ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកស្រីស្នំ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីពីសារអាហារសាមគ្គី និងល្បែងប្រជាប្រិយ ។ នេះបើយោងតាមផេក មន្ទីរព័ត៌មានខេត្តសៀមរាប បានប្រកាសនាថ្ងៃទី២៩ ខែមីនានេះ ។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ និងដើម្បីលើកទឹកចិត្ត និងផ្ដល់ភាពរីករាយជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់មណ្ឌលសុវត្ថិភាពក្នុងស្រុកស្រីស្នំ ជំរុញការរក្សាវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ។
លោក សាង គិមសេង អភិបាលរងស្រុកស្រីស្នំ បានបញ្ជាក់ថា ការជួបជុំជាមួយបងប្អូនភៀសសឹកនាពេលនេះ មិនត្រឹមតែបង្កបរិយាកាសសប្បាយរីករាយតាមបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើបុណ្យទានរួមគ្នា បង្ហាញពីការសាមគ្គីភាព និងការគោរពស្រឡាញ់រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អាជ្ញាធរក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលឈានចូលមកដល់នាពេលខាងមុខ ។
ពិធីនេះក៏ជាផ្នែកមួយកាត់ជួយបន្ថយភាពភ័យខ្លាចរបស់ពួកគាត់ ដោយសារការឈ្លានពានពីសំណាក់យោធាថៃ ហើយពួកគាត់មិនទាន់អាចត្រឡប់ទៅលំនៅឋានវិញនៅឡើយ ។
លោក សាង គិមសេង បានឱ្យដឹងថា ការរៀបចំនេះមានកម្មវិធីជាច្រើនដូចជា ៖ ពិធីសំណេះសំណាល ពិធីសូត្រមន្ត រាប់បាត្រ និងប្រគេនចង្ហាន់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនវីរៈកងទ័ព ការលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ហើយដល់ពេលថ្ងៃត្រង់ យើងក៏មានអាហារសាមគ្គីពីសារនំបញ្ចុកជួបជុំគ្នា ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនភៀសសឹក ជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយ ជាមួយភាគីប្រទេសថៃដោយសន្តិវិធី កាត់បន្ថយភាពតានតឹងតាមបណ្ដោយព្រំដែន និងផ្ដល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្ដែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ៕
អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី





ចែករំលែកព័តមាននេះ