សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកខ្ញី គឺជាភេសជ្ជៈដ៏ល្អប្រសើរដែលមនុស្សជាច្រើននិយមញ៉ាំជារៀងរាល់ថ្ងៃដើម្បីពង្រឹងសុខភាព ប៉ុន្តែសំណួរថាតើ “ការញ៉ាំរាល់ថ្ងៃពិតជាល្អឬយ៉ាងណា?” គឺជាអ្វីដែលអ្នកត្រូវយល់ដឹងឱ្យច្បាស់ទាំងផ្នែកគុណសម្បត្តិ និងការប្រុងប្រយ័ត្ន។
គុណប្រយោជន៍ដ៏អស្ចារ្យនៃទឹកខ្ញី រួមមានការជួយដល់ប្រព័ន្ធរំលាយអាហារដ៏ល្អ ដោយសារសារធាតុហ្ស៊ីនជើរ៉លជួយកាត់បន្ថយការហើមពោះ ឆ្អល់ពោះ និងអាការៈចង់ក្អួត ជាពិសេសចំពោះអ្នកមានបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ទឹកខ្ញីក្ដៅឧណ្ហៗជួយពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងការរលាកក្នុងរាងកាយដែលជាដើមហេតុនៃជំងឺបេះដូង និងសន្លាក់ ព្រមទាំងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយដល់ការសម្រកទម្ងន់ដោយបង្កើនអត្រារំលាយអាហារបានយ៉ាងប្រសើរ។
ទោះជាយ៉ាងណា ការញ៉ាំទឹកខ្ញីច្រើនហួសកម្រិត ឬញ៉ាំមិនត្រូវពេល ក៏អាចបង្កផលប៉ះពាល់ផងដែរ។ ប្រសិនបើអ្នកញ៉ាំទឹកខ្ញីដែលខាប់ខ្លាំងនៅពេលពោះទទេ វាអាចធ្វើឱ្យរលាក ឬក្រហាយក្រពះ។ អ្វីដែលគួរប្រយ័ត្នបំផុតគឺចំពោះអ្នកដែលកំពុងប្រើប្រាស់ថ្នាំរំលាយឈាម អ្នកត្រៀមវះកាត់ ឬអ្នកមានជំងឺលើសឈាម និងទឹកនោមផ្អែមដែលកំពុងប្រើថ្នាំពេទ្យ ព្រោះខ្ញីមានប្រសិទ្ធភាពខ្ពស់ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការចេញឫទ្ធិរបស់ថ្នាំ។
ដើម្បីទទួលបានសុខភាពល្អ និងសុវត្ថិភាព អ្នកជំនាញណែនាំឱ្យប្រើខ្ញីស្រស់មកដាំទឹកញ៉ាំដោយខ្លួនឯងដើម្បីចៀសវាងជាតិស្ករ ហើយការញ៉ាំត្រឹម ១ ទៅ ២ កែវក្នុងមួយថ្ងៃគឺគ្រប់គ្រាន់បំផុត។ ជៀសវាងការញ៉ាំនៅពេលពោះទទេខ្លាំង ឬមុនពេលចូលគេងភ្លាមៗ ប្រសិនបើអ្នកមានអារម្មណ៍ថាបេះដូងលោតញាប់ ឬមួម៉ៅក្នុងចិត្ត។ ការយល់ដឹងពីតុល្យភាពនៃ “ឱសថធម្មជាតិ” មួយនេះ នឹងជួយឱ្យរាងកាយរបស់អ្នកទទួលបាននូវភាពស្រស់ថ្លា និងរឹងមាំជានិច្ច៕
ចែករំលែកព័តមាននេះ