ទីក្រុងសេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងសម្បូរអ្នករៀនសូត្រចេះដឹងកម្រិតខ្ពស់។ កាលពីឆ្នាំមុន និស្សិតរៀនចប់ថ្នាក់បណ្ឌិតមានរហូតដល់១៩៨៣១នាក់ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែចំនួនបណ្ឌិតច្រើនពេកធ្វើឱ្យទីផ្សារការងារតូចចង្អៀតជាងមុន ហើយបានប្រាក់ខែក៏តិចជាងមុនផងដែរ។ បញ្ហានេះធ្វើឱ្យគេចោទជាសំណួរថាតើអនាគតនៃបេក្ខជនរាប់សែននាក់ដែលបានចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យនៃប្រទេសកូរ៉េខាងត្បូងនឹងគិតយ៉ាងដូចម្ដេចចំពោះបញ្ហានេះ។

ទិន្នន័យពី «សេវាផ្ដល់ស្ថិតិខាងវិស័យអប់រំ» នៅកូរ៉េខាងត្បូងដែលផ្សព្វផ្សាយកាលពីពាក់កណ្ដាលខែមីនាបង្ហាញថាចំនួននិស្សិតរៀនចប់ថ្នាក់បណ្ឌិតកាលពីឆ្នាំ២០២៥កើនឡើង៥១,៦%បើប្រៀបធៀបនឹងរយៈពេលមួយទសវត្សមុន ហើយក៏ជាអត្រាខ្ពស់បំផុតចាប់តាំងពីកូរ៉េខាងត្បូងចាប់ផ្ដើមកត់ត្រាចំនួនអ្នករៀនចប់បណ្ឌិតកាលពីឆ្នាំ១៩៩៩មក។ ប៉ុន្តែប្រាក់ខែមិនសូវបានច្រើនដូចការរំពឹងទុកទេ។ នៅក្នុងចំណោមបណ្ឌិតដែលរកបានការងារធ្វើចំនួន៧០០៥នាក់ ១០,៤%ប្រាប់ថាពួកគាត់ទទួលបានប្រាក់បៀវត្សមិនដល់ម្ភៃលានវុនទេ (១៣៤០០ដុល្លារអាមេរិក)។

បញ្ហាប្រាក់ឈ្នួលទាបនេះច្រើនតែអ្នករៀនមុខវិជ្ជាដែលមិនមែនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ អ្នករៀនមុខវិជ្ជាមនុស្សសាស្ត្រទទួលបានប្រាក់បៀវត្សទាបជាងគេបើប្រៀបធៀបនឹងអ្នករៀនមុខវិជ្ជាដទៃទៀត។ បន្ទាប់មក អ្នករៀនផ្នែកវិស័យអប់រំ និងវិទ្យាសាស្ត្រសង្គម, សារព័ត៌មាន។ អ្នកសិក្សាវិស័យកសិកម្ម រុក្ខា-ប្រមាញ់ និងនេសាទមានចំណែក១១,១% ខណៈដែលមុខវិជ្ជាផ្នែកសេវាកម្មមានចំណែក១០,៦%។

កូរ៉េខាងត្បូងអាចសម្រេចតាមគោលដៅរបស់ខ្លួនដែលទទួលនិស្សិតបរទេសចូលរៀនចំនួន៣សែននាក់កាលពីពាក់កណ្ដាលឆ្នាំ២០២៥។ ពោលគឺគោលដៅនេះអាចសម្រេចបាន២ឆ្នាំមុនផែនការកំណត់។ ប៉ុន្តែមុខវិជ្ជាដែលនិស្សិតបរទេសដាក់ពាក្យចូលរៀននោះសុទ្ធតែជាមុខវិជ្ជាដែលនិស្សិតកូរ៉េខាងត្បូងរៀនចប់រហូតដល់ថ្នាក់បណ្ឌិត និងទទួលបានប្រាក់បៀវត្សទាប៕ ប្រភព៖ វៀតណាមអ៊ិចប្រែស (Vietnam Express) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ