ទីក្រុងអាប៊ូដាប៊ី៖ ជនជាតិអង់គ្លេសរហូតដល់៧០នាក់ត្រូវបានចាប់ខ្លួននៅប្រទេសអារ៉ាប់រួមពីបទថតរូប និងវីឌីអូស្ដីពីការវាយប្រហារដោយដ្រូន និងមីស៊ីល។ ក្រុមអ្នកទេសចរ, អ្នករស់នៅបណ្ដោះអាសន្ន និងបុគ្គលិកបម្រើការនៅលើយន្តហោះដឹកអ្នកដំណើរត្រូវបានឃុំខ្លួនយ៉ាងប្រជ្រៀតគ្នានៅស្នងការនគរបាលខ្លះ និងពន្ធនាគារខ្លះ។ នៅក្នុងករណីខ្លះ ពួកគេគ្មានបានដេកពួន គ្មានទទួលបានចំណីអាហារ និងថ្នាំពេទ្យឱ្យបានត្រឹមត្រូវទេ។ ពួកគេប្រឈមនឹងការចោទប្រកាន់ពីបទធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ និងស្ថិរភាពជាតិ (របស់អារ៉ាប់រួម)។

ប៉ុន្តែទីក្រុងធំៗដូចជាឌុយបៃជាដើមរងការចោទប្រកាន់ថាបានដាក់ចេញវិធានការតឹងរ៉ឹងពេកដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ខ្លួនដែលខិតខំកសាងមកជាយូរក្នុងនាមជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងដ៏ល្អឆើតឆាយ។ ច្បាប់នៅអារ៉ាប់រួមឥឡូវនេះតឹងរ៉ឹងណាស់ សូម្បីតែអ្នកដែលទទួលបានរូបភាពដែលគេចាត់ទុកថាខុសច្បាប់ក៏អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ដប់ឆ្នាំ ឬពិន័យជាប្រាក់២សែនផោន។

ជនជាតិអង់គ្លេសដែលត្រូវចាប់ខ្លួនទាំងនោះជាសមាជិកក្រុមអ្នកបើកយុទ្ធនាការតវ៉ាដែលមានមូលដ្ឋាននៅអង់គ្លេស និងធ្វើការជាមួយក្រុមមេធាវីរបស់អារ៉ាប់រួម។ ដោយសារមនុស្សជាប់ឃុំលើកនេះច្រើនពេកធ្វើឱ្យប្រព័ន្ធច្បាប់ត្រូវការពេលយូរដើម្បីដោះស្រាយ។ មានន័យថាអ្នកទាំងនោះអាចនឹងបន្តជាប់ឃុំជាច្រើនខែទៅមុខទៀតមុននឹងឈានដល់ការនាំខ្លួនឡើងតុលាការដើម្បីចោទប្រកាន់។ នេះបើយោងតាមក្រុមសិទ្ធិមនុស្សឈ្មោះឌុយបៃ វ៉ច (Dubai Watch)។

នៅក្នុងចំណោមអ្នកជាប់ឃុំទាំងនោះ អ្នកខ្លះត្រូវបានអនុញ្ញាតឱ្យបង់ប្រាក់ធានាដើម្បីនៅក្រៅឃុំ។ ប៉ុន្តែលិខិតឆ្លងដែនត្រូវដកហូត។ ដូច្នេះពួកគេមិនអាចចាកចេញពីប្រទេសអារ៉ាប់រួមបានឡើយ។ ចំពោះអ្នកស្នាក់នៅអារ៉ាប់រួមជាបណ្ដោះអាសន្នដោយប្រើប្រាស់ទិដ្ឋាការជាអ្នកបម្រើការចំណាកស្រុក ប្រសិនបើប៉ះចំពេលនេះទិដ្ឋាការផុតសុពលភាពទៀតនោះគឺមិនត្រូវបានអនុញ្ញាតឱ្យធ្វើការទេ មានតែក្លាយជាអ្នកគ្មានផ្ទះស្នាក់នៅ។

ក្រុមសិទ្ធិមនុស្សខាងលើតំណាងឱ្យជនជាតិអង់គ្លេសដែលត្រូវចាប់ខ្លួន៨នាក់។ ប៉ុន្តែស្ថាបនិកអង្គការនេះអះអាងថាជនជាតិអង់គ្លេសយ៉ាងតិច៣៥នាក់កំពុងជាប់ឃុំនៅទីក្រុងឌុយបៃ និងចំនួនប្រហាក់ប្រហែលនេះកំពុងជាប់ឃុំនៅទីក្រុងអាប៊ូដាប៊ី។ នៅក្នុងករណីខ្លះ ពួកគេត្រូវបង្ខំឱ្យចុះហត្ថលេខាលើឯកសារជាភាសាអារ៉ាប់ដែលពួកគេមិនដឹងថាគេសរសេរអ្វីខ្លះនៅលើនោះ៕ ប្រភព៖ ដេលី មែល (Daily Mail) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ