ទីក្រុងហឹលស៊ីនគី៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ថ្លែងថាដ្រូន២គ្រឿងទំនងជាបញ្ជូនមកពីប្រទេសអ៊ុយក្រែនបានហោះវង្វេងទិសដៅដោយសារប្រព័ន្ធអគ្គិសនីឆក់របស់រុស្ស៊ី ហើយក៏ធ្លាក់នៅលើទឹកដីហ្វាំងឡង់។ រដ្ឋាភិបាលហ្វាំងឡង់អះអាងថាអ៊ុយក្រែនបន្តវាយប្រហារដោយដ្រូនទៅលើប្រទេសរុស្ស៊ីដែលមានព្រំដែនជាប់នឹងហ្វាំងឡង់ជាង១៣០០គីឡូម៉ែត្រ។ ដ្រូនទាំងនោះធ្លាក់នៅក្បែរទីក្រុងគូវ៉ូឡា (Kouvola) នៅថ្ងៃនេះដែលក្រសួងការពារជាតិហ្វាំងឡង់ចាត់ទុកថាអាចជាការរំលោភបូរណភាពទឹកដីរបស់ខ្លួន។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកប៉េតេរី អូប៉ូ (Petteri Orpo) ថ្លែងថាដ្រូនទាំងនោះទំនងជាហោះវង្វេងផ្លូវ មានន័យថាមិនមែនមានបំណងហោះចូលដែនអាកាសហ្វាំងឡង់ដោយចេតនាឡើយ។ រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់អះអាងថាដ្រូនទាំងនោះហោះវង្វេងផ្លូវចូលទឹកដីហ្វាំងឡង់។ យើងយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ។ អាជ្ញាធរបានបញ្ជូនភ្នាក់ងារសន្តិសុខទៅកន្លែងកើតហេតុដើម្បីស៊ើបអង្កេតសំណុំរឿងនេះ។
នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកអូប៉ូលោកអូប៉ូថ្លែងប្រាប់សារព័ត៌មានរបស់រដ្ឋថាដ្រូនទាំងនេះទំនងជារបស់អ៊ុយក្រែន។ ប៉ុន្តែជារបស់ណាពិតប្រាកដគឺអាស្រ័យទៅលើលទ្ធផលនៃការស៊ើបអង្កេត។ លោកកត់សម្គាល់ថាថ្មីៗនេះ អ៊ុយក្រែនសម្រុកវាយប្រហារដោយដ្រូនទៅលើទឹកដីរុស្ស៊ី។ លោកថ្លែងបន្តទៀតថាប្រហែលជាដោយសាររុស្ស៊ីប្រើប្រាស់ប្រព័ន្ធឆក់ឱ្យដ្រូនវង្វេងវង្វាន់ទើបធ្វើឱ្យដ្រូនរបស់អ៊ុយក្រែនដែលត្រូវគេបញ្ជូនទៅវាយប្រហាររុស្ស៊ីបែរជាហោះចូលដែនអាកាសហ្វាំងឡង់ទៅវិញ។

យោងតាមក្រសួងការពារជាតិហ្វាំងឡង់ គេបានកត់សម្គាល់ឃើញវត្ថុហោះទាបៗ និងយឺតៗនៅក្នុងដែនអាកាសរបស់ហ្វាំងឡង់។ វត្ថុទាំងនោះហោះនៅលើផ្ទៃសមុទ្រ និងនៅប្រទេសហ្វាំងឡង់ភាគអាគ្នេយ៍កាលពីព្រឹកមិញ។ ឃើញដូច្នេះ កងទ័ពអាកាសហ្វាំងឡង់ក៏ប្រញាប់បញ្ជូនយន្តហោះ F-18 ដើម្បីទៅពិនិត្យមើលសភាពការណ៍ឱ្យបានច្បាស់។ ដ្រូនមួយគ្រឿងធ្លាក់ទៅលើដីនៅទីក្រុងគូវ៉ូឡា (Kouvola) ភាគខាងជើង និងមួយគ្រឿងទៀតធ្លាក់នៅទីក្រុងដដែលភាគខាងកើត៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ