សប្បាយណាស់! បុណ្យអុំទូកនៅសៀមរាប និងជំនឿដ៏យូរយារមកហើយ
- សៀមរាប
ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក(ង) ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីជាសមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងវត្តមានរបស់លោកប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ព្រះវិហារ ខេត្តកំពង់ធំ និងក្រុងសម្ព័ន្ធមេត្រីភាព ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ ។

តាមសេចក្តីរាយការណ៍របស់អនុគណៈកម្មការបច្ចេកទេសបានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ ការប្រណាំងទូក(ង) មានទូកចូលរួមចំនួន៣៣ទូក មានទូកនារី៥ទូក ដែលមានចំណុះ ២២នាក់ ហើយមានកីឡាករ កីឡាការិនីសរុប១ពាន់៥២៨នាក់ នារី១១០នាក់ និងកីឡាករ កីឡាការិនីបម្រុងសរុបចំនួន១៨៦នាក់ អ្នកដឹកនាំ៦២នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីសម្រាប់ប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ។ ក្នុងពិធីប្រណាំងទូក(ង)នេះ ក៏មានការចូលរួមប្រកួតប្រណាំងនូវក្រឡោចំនួន ៦គូរ និងទូកខ្នាតតូច២គូរ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរយើងនៅខេត្តសៀមរាប ។

ព្រឹត្តិការណ៍បើកការប្រកួតប្រណាំងទូក(ង)នាឱកាសនោះ លោក ទៀ សីហា ក៏គូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃ១៤-១៥កើត ខែកត្តិក នៅខេត្តប្រវត្តិសាស្ត្រមួយនេះ តែងប្រារព្ធធ្វើទៅតាមប្រពៃណីខ្មែរ ហើយប្រព្រឹត្តទៅក្នុងលក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមល្អប្រសើរ ដែលកត្តាចំបងនេះ បាននិងកំពុងមានឥទ្ធិពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកំសាន្តខេត្តសៀមរាបកាន់តែច្រើនឡើងៗ ។

លើសពីនេះទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាការឧទ្ទិសដល់អតីតកាលនៃអធិរាជាណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និងពោរពេញដោយសមត្ថភាពប្រយុទ្ធបានរំដោះជាតិមាតុភូមិ ចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចនូវការបង្រួបបង្រួមជាតិ និងកសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើង ។

លោក ទៀ សីហា បានបន្តទៀតថា ម្យ៉ាងវិញទៀត យើងទាំងអស់គ្នាប្រាកដជាយល់ដឹងហើយថា ព្រះរាជពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ ពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅក្នុងមនោសញ្ចេតនារបស់យើង ដែលបុព្វបុរសខែ្មរបានប្រារព្ធធ្វើតាំងពីយូរយារណាស់មកហើយ ដើម្បីជាការរំលឹកដឹងគុណដល់ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីជាតិសម្រាប់បង្កបង្កើនផលនៃប្រជាកសិករយើង ហើយក៏ជារំលឹកដឹងគុណដល់ព្រះបរមគ្រូដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ ហើយឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ។

ជាមួយគ្នានេះដែរ ព្រះរាជពិធីបុណ្យបណ្តែត ប្រទីប គឺជាការឧទ្ទិស ដល់អារុក្ខ អារក្ស អ្នកតា បារមីថែរក្សាទឹកដី ដើម្បីសុំសេចក្តីសុខក្សេមក្សាន្តដល់កូនចៅ ដែលរស់នៅឲ្យទទួលបានសុខសុភមង្គលចំរើនរុងរឿង និងដើម្បីព្យាករណ៍អាកាសធាតុសម្រាប់បង្កបង្កើនផលនៅឆ្នាំ បន្ទាប់ផងដែរ ។

លោក ទៀ សីហា គូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យនេះ គឺជាតម្លៃនៃទស្សនវិជ្ជារបស់បុព្វបុរសខ្មែរ ដែលមានគតិបណ្ឌិតក្នុងការសំយោគចូលគ្នារវាងជំនឿសាសនា និងទំលៀមទំលាប់បង្កើតបានជាពិធីបុណ្យមួយប្រកបដោយសភាពរស់រវើក ទន់ភ្លន់ និងមានលក្ខណៈសកល ភាពឲ្យទៅជាអត្តសញ្ញាណជាព្រលឹងជាតិក្នុងស្មារតី នៃការរួបរួមសាមគ្គី កិច្ចសហប្រតិបត្តិការ និងការយោគយល់អាធ្យាស្រ័យគ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ។

ស្ថិតលើហេតុផលទាំងអស់នេះ សក្ខីភាពបញ្ជាក់ឲ្យឃើញថា បុព្វបុរសខ្មែរបានបង្កើតពូជពង្សជាតិសាសន៍ខ្មែរយើង ដែលជានិច្ចកាលមានសីលធម៌ មានអរិយធម៌ និងអត្តសញ្ញាណខ្ពង់ ខ្ពស់ឧត្តុង្គឧត្តម ល្បីល្បាញតាំងពីដើមរៀងមក ។ ក្នុងន័យនេះយើងក៏មានមោទនភាព ដោយមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ នៃទីក្រុងប្រវត្តិសាស្ត្រសៀមរាប ដែលជាទីក្រុងមានការទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត ។

លោកក៏បានធ្វើការផ្តាំផ្ញើដល់ជនរួមជាតិទាំងអស់ ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក សូមចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ក្នុងការលើកស្ទួយវប្បធម៌ សោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរក្សាការពារនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន សំខាន់កុមារតូចៗ នៅក្នុងពិធីបុណ្យនេះផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)










ចែករំលែកព័តមាននេះ