រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីបំភ្លឺថា ច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បើកដំណើរឡើងវិញនោះទេ ។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ មានការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គមដោយគណនីហ្វេសប៊ុកឈ្មោះ Heng Heng បានធ្វើការបង្ហោះវីដេអូ និងមានខ្លឹមសារថា «គេបើកច្រកទ្វារព្រំដែនវិញហើយ តែមេត្តាកុំភ្លេចរើបន្លាលួសផង បើបើកគ្រាន់តែបន្លប់បន្លំ ឱ្យពលរដ្ឋភ្លេចបន្លាលួស ស៊យហើយកម្ពុជា» ។

ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការស្រាយបំភ្លឺដូចតទៅ ៖
១.គណនីហ្វេសប៊ុកឈ្មោះ Heng Heng បានយកវីដេអូនៅក្នុងផេក (Page Facebook) ឡៃលី ប៉ោយប៉ែត-Laily Poipet មកបង្ហោះនោះ គឺជាវីដេអូចាស់របស់លោក ឡៃ លី ជាអ្នកសារព័ត៌មានទូរទស្សន៍ភីអិនអិន (PNN) ធ្វើការផ្សាយផ្ទាល់ (Live) នៅបរិវេណប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ ។
២.ចំពោះគណនីហ្វេសប៊ុកឈ្មោះ Heng Heng គឺជាគណនីហ្វេសប៊ុកប្រើប្រាស់ផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ ដែលមានចេតនាមិនល្អ ដោយយកវីដេអូព័ត៌មានចាស់ មកបង្ហោះបំពុលសង្គមធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំជាព័ត៌មានថ្មី ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមបញ្ជាក់ថា ៖«គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ច្រ ទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅមិនទាន់បើកដំណើរឡើងវិញនោះទេ» ៕
ចែករំលែកព័តមាននេះ