រាជធានីភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបាន សុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការ អនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅយប់ថ្ងៃទី១៧ កញ្ញា ២០២៥ បានឲ្យដឹងថា សម្ដេចធិបតីហ៊ុន ម៉ាណែត សុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការ អនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូន ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកនានា ដែលរួមមាន ឯកឧត្តមស៊ី ជីងពីង ប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តមអង់តូនីញូ ហ្គ តេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោកជំទាវ អាណាលេណា បេណាបក ប្រធានំមហា សន្និបាតអង្គការសប្រជាជាតិ លើកទី៨០ ។ គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ ថ្នាក់ដឹកនាំពិភពលោកទាំងអស់ ទៅលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាម កំហែងដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់ តំបន់យើងទាំងមូលផងដែរ ។
តាមរយៈសារលិខិតទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនថ្នាក់ដឹកនាំពិភពលោក ទាំងអស់អំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលបាននាំទៅដល់ការពង្រីកទំហំ និងវិសាលភាពនៃតំបន់ជម្លោះ ហួសចេញពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានស្នើសុំថ្នាក់ដឹកនាំពិភពលោកទាំងអស់គាំទ្រ និងជំរុញឱ្យមានការគោរពពេញលេញ និងប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ដែលបានសម្រេច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) កាលពីពេលថ្មីៗនេះ ។
ចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងថៃ បានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួសបន្លា ដាក់របាំងឃាំង ចេញឱសានវាទបណ្តេញពលរដ្ឋខ្មែរចេញពីដីលំនៅឋាន ដែលពួកគេបានរស់នៅដ៏យូរលង់មកហើយ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រ ពីតំបន់ជម្លោះ ដូចរៀបរាប់ខាងលើ។ ប្រជាពលរដ្ឋខ្មែរចំនួន ២៥ គ្រួសារ ត្រូវបានរារាំងមិនឱ្យចូលផ្ទះសម្បែង និងស្រែចំការរបស់ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃ ក៏បានគំរាមកំហែងធ្វើការបណ្ដេញចេញថែមទៀត នាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបប្រមាណជាង ១០០០ នាក់ ។
ដោយឡែក ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមយកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា ។
សកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃ គឺផ្អែកលើផែនទីខ្នាត ១/៥០,០០០ គូសជាឯកតោភាគី ដែលផ្ទុយពីផែនទីខ្នាត ១/២០០,០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជាលទ្ធផល នៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើតឡើងតាមអនុ សញ្ញា ឆ្នាំ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយតុលាការយុត្តិធម៌ អន្តរជាតិ (ICJ) និងថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជា និងថៃ ក្នុងអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០ (អនុស្សរណៈ ឆ្នាំ ២០០០)។ អនុស្សរណៈ ឆ្នាំ២០០០នេះ ត្រូវបានចុះបញ្ជីនៅអង្គការសហ ប្រជាជាតិដោយប្រទេសថៃនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និងមានបោះពុម្ពផ្សាយនៅក្នុងបញ្ជីកម្រង សន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ។
សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈ ឆ្នាំ២០០០ អាណត្តិរបស់គណៈ កម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ នាពេលថ្មីៗនេះ ដែលថា៖ “ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង..ឬពង្រីកវិសាលភាព និងទំហំជម្លោះ” ។
វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តច្បាប់អាជ្ញាសឹកថៃលើទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះ ច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សា ។
ក្នុងស្មារតីបន្ធូរស្ថានការណ៍ និងមជ្ឈភាពអាស៊ាន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំប្រធានអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកទាំងអស់ជួយគាំទ្រដល់ការជំរុញឱ្យមាន ៖
-ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាន នៅ ទីក្រុងពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ GBC និង RBC នាពេលថ្មីៗ នេះ ហើយបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ដែលអាចបង្កើនភាពតានតឹង និង ពង្រីកទំហំ និងវិសាលភាពនៃជម្លោះ។
-ការហាមប្រើកម្លាំងប្រឆាំងជនស៊ីវិល និងទ្រព្យសម្បត្តិ។
-ការរុះរើឧបសគ្គដែលទើបដាក់ថ្មីៗ ដូចជាលួសបន្លា និងសំបកកង់រថយន្ត ក្នុងតំបន់ដែលប្រជា ពលរដ្ឋខ្មែរ បាននិងកំពុងរស់នៅរាប់ទសវត្សរ៍ និងក្នុងតំបន់ដែលការកំណត់ខណ្ឌសីមាព្រំដែននៅ មិនទាន់បានដោះស្រាយបញ្ចប់។
-ការបញ្ឈប់ផែនការបណេ្តញចេញដោយបង្ខំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបណ្ដេញចេញរួចហើយ អាចវិលត្រឡប់ទៅកាន់លំនៅឋាន និងដីរបស់ពួកគេវិញ។
-ការបញ្ឈប់ការប្រើប្រាស់ ឬគម្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី ហើយអនុញ្ញាតឱ្យយន្តការទ្វេភាគីដែលមានស្រាប់ ពោលគឺគណកម្មការខណ្ឌសីមាព្រំដែនគោក និងគណកម្មាធិការព្រំដែនទូទៅ បន្តធ្វើការងារដោយសន្តិវិធី ផ្អែកលើមូលដ្ឋានកិច្ច ព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញា និងច្បាប់អន្តរជាតិដែលមានស្រាប់ និងការដោះលែងជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងការធ្វើមាតុភូមិនិវត្តន៍យោធិនកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្រោមការឃុំឃាំងនៅប្រទេសថៃ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធ្វើការជាមួយប្រទេសថៃ និងអាស៊ាន ដើម្បីរក្សាស្ថិរភាព ជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើង ទាំងអស់ ៕











ចែករំលែកព័តមាននេះ