រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក បានធ្វើការស្នើសុំភាគីកូរ៉េធ្វើការសិក្សាការបំពាក់វារីអគ្គិសនីខ្នាតតូច និងសូឡាបណ្តែតទឹកក្នុងអាងបន្ថែមទៀត នៅតាមអាងទឹកទាំង១៤ ក្នុងប្រទេសកម្ពុជា ដើម្បីជួយកាត់បន្ថយការចំណាយលើថាមពលអគ្គិសនី។
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍នៃការចាប់ផ្តើមការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅទំនប់ទឹកដូនទ្រី និងទំនប់រក្សា ក្នុងខេត្តបាត់ដំបង និងខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីក្រុមទីប្រឹក្សាបច្ចេកទេសកូរ៉េសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះពិនិត្យ និងអង្កេតដោយផ្ទាល់ដល់ទីតាំងទំនប់រក្សា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមក្រសួង, កិច្ចប្រជុំនាពេលនេះមានការចូលរួមពីលោកស្រី Seunggyeong Park តំណាងសាជីវកម្មធនធានទឹកកូរ៉េ (K-Water) តំណាងក្រុមហ៊ុន Chilbo, Dohwa, Scotra, Kisung និង KPMG ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ និងខេត្តបាត់ដំបង មន្ត្រីតំណាងនាយកដ្ឋានគ្រប់គ្រងធនធានទឹក នាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងមន្រី្តគ្រប់គ្រងគម្រោងកូរ៉េនៃក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមទីប្រឹក្សាបច្ចេកទេសកូរ៉េដែលបានសិក្សា និងវាយតម្លៃជ្រើសរើសយកអាងទឹកចំនួន ២ ក្នុងចំណោមទំនប់អាងទឹកចំនួន១៦ មកធ្វើការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីបំពាក់វារីអគ្គិសនីខ្នាតតូច ដែលគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ក្រុមបច្ចេកទេសកូរ៉េ ធ្វើការសិក្សាការបំពាក់វារីអគ្គិសនីខ្នាតតូច និងសូឡាបណ្តែតទឹកក្នុងអាងបន្ថែមទៀត នៅតាមអាងទឹកទាំង១៤ ក្នុងប្រទេសកម្ពុជា ដើម្បីជួយកាត់បន្ថយការចំណាយលើថាមពលអគ្គិសនី។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមទីប្រឹក្សាបច្ចេកទេសកូរ៉េ ដើម្បីឱ្យគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ អង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរធនធានទឹក និងឧតុនិយេមខេត្តបាត់ដំបង នឹងសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេសកូរ៉េចុះទៅពិនិត្យ និងអង្កេតដល់ទីតាំងទំនប់ទឹកដូនទ្រីបន្តទៀត៕
ចែករំលែកព័តមាននេះ