ខេត្តត្បូងឃ្មុំ៖ ក្រុមក្មេងទំនើងប្រហែល ១០នាក់ ប្រើហិង្សាលើយុវជនម្នាក់នៅទីសាធារណៈ ត្រូវបានសមត្ថកិច្ចខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបាន ០៤នាក់ហើយ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែកញ្ញានេះ បានឱ្យដឹងថា កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ដែលបានប្រើហិង្សាលើយុវជនម្នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៧ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យមួយក្រុម ដែលមានគ្នាប្រហែល ១០នាក់ បានធ្វើសកម្មភាពវាយដំ ទៅលើយុវជនរងគ្រោះ ដោយប្រើមួកសុវត្ថិភាពជាអាវុធ បណ្តាលឲ្យរងរបួសក្បាល និងកញ្ចឹងក។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រោយទទួលបានព័ត៌មាន និងមានការផ្សព្វផ្សាយតាមបណ្តាញសង្គម លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាផ្ទាល់ឲ្យលោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរង ដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្រុកអូររាំងឪ និងក្រុងសួង ចុះធ្វើការស្រាវជ្រាវជាបន្ទាន់។
លទ្ធផលនៃការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់។ ក្រោយការសាកសួរ ជនសង្ស័យទាំង ០៤នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពវាយប្រហារលើយុវជនរងគ្រោះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីចាប់ខ្លួនបក្ខពួកផ្សេងទៀតដែលបានរត់គេចខ្លួន។
ខណៈជនសង្ស័យទាំង ០៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ