រាជធានីភ្នំពេញ៖ កម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុ ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បីបង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ នៅប្រទេសចិន។
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីសម្ពោធពន្លាជាតិកម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
បើតាមក្រសួងពាណិជ្ជកម្ម, ក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំសាងសង់ពន្លាជាតិ (Cambodia National Pavilion) ទំហំ ១៦០ម៉ែត្រការ៉េ ដោយជ្រើសរើសខេត្តព្រះសីហនុ ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បីបង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។
ការរចនាពន្លាជាតិកម្ពុជាបានបំផុសគំនិត ដោយជ្រើសរើសក្រុងព្រះសីហនុជាទីក្រុងស្រស់ប្រិមប្រិយ និងបានយកសមុទ្រ និងទឹករលកជាគោល។
បន្ថែមលើនេះក្រសួងពាណិជ្ជកម្មក៏បានរៀបចំឱ្យមានការសម្តែងសិល្បៈ ដោយសិល្បករ សិល្បការិនី មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាប់ជាប្រចាំជូនភ្ញៀវទស្សនា ដោយប្រភេទសម្តែងមាន ១០ របាំ រួមមាន របាំជូនពរ, របាំនេសាទ, របាំគោះត្រឡោក, សុវណ្ណមច្ឆា, របាំផ្លិត, របាំក្ងោកប៉ៃលិន, របាំក្រាប, ឆៃយ៉ាំ, ភួងនារី, និងក្រមា៕
ចែករំលែកព័តមាននេះ