រាជធានីភ្នំពេញ ៖ សង្ស័យជាងផ្សារដែកខ្វះការប្រុងប្រយ័ត្នធ្លាក់កម្ទេចផ្កាភ្លើង បង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះខ្យូស (កញ្ចុះ)ស្បូវនៅក្នុងអាហារដ្ឋាន KTV យីហា «កួរស្រូវមនោរម្យ» សន្ធោសន្ធៅ ដោយត្រឹមតែមួយចម្អិនកំពឹសឆេះអស់ចំនួន៦ខ្នងទាំងស្រុង នៅសល់តែគ្រោងដែកប៉ុណ្ណោះ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ខ្យូស(កញ្ចុះ) ទាំង៦ខ្នង ដែលរងការឆាបឆេះនោះសង់ពីដែកប្រក់ស្បូវ ហើយនៅមុនពេលកើតហេតុ មានជាងផ្សារដែកធ្វើការជួសជុលកែលម្អខ្យូសទាំងនោះ ។ ខណៈនោះ សង្ស័យមានកម្ទេចផ្កាភ្លើងធ្លាក់ឡលើស្បូវ ទើបបណ្ដាលឲ្យមានការឆាបឆេះសន្ធសន្ធៅតែម្ដង ហើយភ្លាមៗនោះ បុគ្គលិកក្នុងហាងបាននាំគ្នាប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរ ប៉ុន្តែមិនរលត់ឡើយ ។

ភ្លើងបានឆេះរាលពីខ្យូស១ ទៅខ្យូស១ទៀត សរុបចំនួន៦ខ្នងយ៉ាងឆាប់រហ័ស និងអស់ទាំងស្រុងនៅសល់តែគ្រោងដែកប៉ុណ្ណោះ រួមទាំងសម្ភារៈនៅក្នុងនោះក៏ត្រូវឆេះទាំងអស់ផង ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយមានហេតុការណ៍នេះកើតឡើងកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ និងសង្កាត់រលួស បានចេញអន្តរាគមន៍ហើយក៏មានរថយន្តពន្លត់អគ្គិភ័យ ទៅដល់ជាបន្តបន្ទាប់ ។
ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើង ដោយប្រើប្រាស់ទឹកអស់ចំនួន៣ រថយន្ត ទើបរលត់ទាំងស្រុង ដោយមិនមានរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ ហើយក៏មិនមានអ្នករងរបួសនោះដែរ ៕






ចែករំលែកព័តមាននេះ