រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៤នាក់ បានប្រមូលផ្ដុំគ្នាសេពគ្រឿងញៀននៅក្នុងព្រៃក្រោយសាលារៀនទាំងថ្ងៃ ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ជូនកម្លាំងនគរបាលឲ្យចុះទៅធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនផងដែរ។ ដោយឡែកទីតាំងដែល ក្រុមនេះសម្ងំលាក់ខ្លួនសេពគ្រឿងញៀននោះ ក៏ត្រូវនគរបាលរុះរើចោលអស់ហើយ ដើម្បីកុំឲ្យក្រុមផ្សេងចូលទៅជក់គ្រឿងញៀនបន្តទៀត។
ការចាប់ខ្លួននោះបានធ្វើឡើងកាលពីម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័នសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៤នាក់ខាងលើនោះរួមមាន ១-ឈ្មោះសារឿន វ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះសាំង ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបម្រើការក្នុងខារ៉ាអូខេ ស្នាក់នៅក្នុងខារ៉ាអូខេ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ៣-ឈ្មោះយ៉ុង រ៉ាន់ដី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និង៤-ឈ្មោះគឹម រ៊ាំបូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងដែលដកហូតបានដូចជា ដបទឹកសុទ្ធ២ ដែកកេស២ ទុយោ៣ និងកូនកាំបិត១។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឃាត់ខ្លួន ក្រុមជនសង្ស័យបាននាំគ្នាទៅសេពគ្រឿងញៀននៅក្នុងព្រៃខាងលើ ហើយត្រូវបានអ្នកភូមិប្រទះឃើញក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យចុះទៅធ្វើការឃាត់ខ្លួនបានទាំង៤នាក់តែម្តង។ បន្ទាប់មកបាននាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ