រាជធានីភ្នំពេញ ៖ អត្រានៃការបង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងក្នុងសប្ដាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២៦ នេះ មានការថយចុះចំនួន១៣នាក់ បើប្រៀបធៀបទៅនឹងសប្ដាហ៍កន្លងទៅ ។
ជាក់ស្តែងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសនាព្រឹកថ្ងៃទី២៦ ខែមីនានេះថា ៖ សប្ដាហ៍ទី៣ នៃខែមីនា ករណីសមត្ថកិច្ចចាប់ជនងប់ល្បែង បានថយចុះ១៣នាក់ ធៀបនឹងសប្ដាហ៍មុន ។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងសប្ដាហ៍ទី៣ ខែមីនា គិតមកត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបករណីល្បែងស៊ីសង ៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់ បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។
ករណីល្បែងស៊ីសងទាំងនោះ បើធៀបទៅនឹងសប្ដាហ៍ទី២ បានថយចុះ១ករណី និង១៣នាក់ ។ តាមរបាយការណ៍ដដែល ករណីល្បែងស៊ី ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានក្នុងភូមិសាស្ត្រដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ព្រះសីហនុ និងខេត្តឧត្តរមានជ័យ ។ ក្នុងខែកុម្ភៈកន្លងទៅនេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។
បន្ថែមពីនេះទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកជាប្រចាំឱ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ក្រាបលើគ្រប់ករណីប្រព្រឹត្តល្បែងស៊ីសង រួមទាំងល្បែងភ្នាល់តាមអនឡាញដែលជ្រកពួនតាមសហគមន៍ពលរដ្ឋ ៕
ចែករំលែកព័តមាននេះ