ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនបរទេស​១៧​នាក់ ពាក់​ព័ន្ធ​ករណី Online Scam ក្នុងភូមិ​សាស្ត្រ​សង្កាត់​វាល​ស្បូវ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនបរទេស​១៧​នាក់ ពាក់ព័ន្ធ​ករណី Online Scam ក្នុងភូមិ​សាស្ត្រ សង្កាត់​វាល​ស្បូវ ។ នេះ​បើ​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​.)…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនបរទេស​១៧​នាក់ ពាក់ព័ន្ធ​ករណី Online Scam ក្នុងភូមិ​សាស្ត្រ សង្កាត់​វាល​ស្បូវ ។ នេះ​បើ​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​.) ។ ការ​ឃាត់ខ្លួន​ជនបរទេស បន្ទាប់​ពី​កម្លាំង​ជំនាញ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ចំនួន​០៤​ទីតាំង​សរុប​២២​ខ្នង​ផ្ទះ ក្នុងភូមិ​សាស្ត្រ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ មាន​ជនបរទេស​ស្នាក់​នៅ​៥៧​នាក់ (​ស្ត្រី​១៤​នាក់​) មាន​០៦​សញ្ជាតិ (​ចិន វៀតណាម រុ​ស្ស៊ី មី​យ៉ា​ន់​ម៉ា កូរ៉េ និង​ប៉ា​គី​ស្ថាន​) ។

ប្រភព​បាន​លើក​ឡើង​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ និង​ការ​សម្របសម្រួល​នីតិវិធី​ពី លោកស្រី ភី ស៊ី​ថង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល នៅ​ក្នុង​ចំណោម​២២​ខ្នង​ផ្ទះ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​មួយ​កន្លែង ស្ថិត​នៅផ្ទះ​លេខ​១១៣-១១៥ ផ្លូវ C០១ ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៧​នាក់ (​ប្រុស​) ក្នុង​នោះ រួម​មាន​ជនជាតិ​ចិន ចំនួន​១៦​នាក់ ( ១៣​នាក់​គ្មាន​លិខិតឆ្លងដែន​) និង​ជនជាតិ​វៀតណាម​ចំនួន​១​នាក់ ហើយ​បាន​ដកហូត​សម្ភារ​បម្រើ​ឱ្យ​សកម្មភាព​ឆបោក រួម​មាន ៖ ទូរ​សព្ទ​ដៃ​ចំនួន​២៧​គ្រឿង​, កុំព្យូទ័រ Laptop ០២​គ្រឿង , ឧបករណ៍​បញ្ជា (CPU) ០១​គ្រឿង និង Monitor ០១​គ្រឿង ។

យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​ដោយសារ​ក្រុម​ជនសង្ស័យ​បាន​លួចលាក់​រក្សា​ទុក​ឧបករណ៍​បម្រើ​ឱ្យ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ស្នាក់​នៅ​ខុសច្បាប់ ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​លេខ​០៣ ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ ។ បច្ចុប្បន្ន អាជ្ញាធរ​បាន​សម្រេច​បិទ​ឃ្លុម​ទីតាំង​នោះ​ជា​បណ្ដោះអាសន្ន ចំណែក​មនុស្ស​ទាំង ១៧​នាក់ រួម​និង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​តាម​នីតិវិធី​ច្បាប់ ។

ជាមួយ​គ្នា​នោះ​ដែរ លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) សូម​ជម្រាប​ថា យុទ្ធនាការ​បោសសម្អាត Online Scams នៅ​ទូ​ទាំង​ប្រទេស គិត​ចាប់ពី​ឆ្នាំ​២០២៥ រហូត​ដល់​ស​ប្តា​ហ៍​ទី​២ ខែមីនា ឆ្នាំ​២០២៦ នេះ សមត្ថកិច្ច និង​អាជ្ញាធរ​រាជធានី​-​ខេត្ត បាន​បង្ក្រាប និង​បិទ​ខ្ទប់ (Sealed) ទីតាំង​សរុប​ចំនួន​២៣៦​កន្លែង​។

ក្នុង​នោះ មាន​ទីតាំង​កាស៊ីណូ​៩១​កន្លែង និង​ប្រភេទ​បុរី វីឡា ខុន​ដូ លំនៅ​ឋាន​ចំនួន​១៤៥​កន្លែង ។ តាម​របាយការណ៍​របស់​ក្រសួងយុត្តិធម៌​ក្នុង​រយៈពេល​៨​ខែ​ចុង​ក្រោយ​នេះ តុលាការ​កម្ពុជា​បាន​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ​សរុប​ចំនួន​៧៩​សំណុំរឿង ដោយ​ផ្តន្ទាទោស​មេខ្លោង និង​បក្ខពួក​ចំនួន​៦៩៧​នាក់ (​មាន​ច្រើន​សញ្ជាតិ រួម​ទាំង​សំណុំរឿង​ធំ​ៗ​ដូច​ជាចេ​ន ស៊ី និង លី គួ​ង ជាដើម​) ។

អាជ្ញាធរ​កត់សម្គាល់​ថា មាន​ក្រុម​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ប្រមាណ​ជាង​២២​ម៉ឺន​នាក់ បាន​គេចខ្លួន​ចេញពី​កម្ពុជា​ទាំង​តាម​ផ្លូវអាកាស និង​ផ្លូវគោក ។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា ត្រឹម​ខែមេសា ឆ្នាំ​២០២៦ ។

សូម​ជម្រាប​ថា សម្តេច​ធិ​បតី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ឡើយ ហើយ​បុគ្គល ឬ​អង្គភាព​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត ដោយ​គ្មាន​ការ​យោគយល់ ឬ​អន្តរាគមន៍​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ