ទីក្រុងតេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានទទួលរួចហើយនូវផែនការសន្តិភាព១៥ចំណុចដែលស្នើឡើងដោយអាមេរិក។ សំណើនេះត្រូវបានបញ្ជូនតាមរយៈប៉ាគីស្ថាន និងមានគោលដៅបើកច្រកផ្លូវឆ្ពោះទៅរកបទឈប់បាញ់។ ខាងលើនេះជាការអះអាងរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ។ ទោះជាយ៉ាងណាក្ដី គេមិនទាន់ដឹងច្បាស់ថាប្រសិនបើភាគីទាំង២យល់ព្រមចរចាគ្នាមែនតើនឹងចរចាគ្នានៅទីកន្លែងណា។ ចំណុចនេះនៅជជែកគ្នាជាបន្តទៀត។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់ប្រកាសជាចំហថាគ្មានការចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនបាន និងកំពុងកើតឡើងទេ។

ផែនការ១៥ចំណុចនោះ បើយោងតាមមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន និងអេហ្ស៊ីបបង្ហើបឱ្យទីភ្នាក់ងារអេភីដឹង (AP) គឺនិយាយអំពីចំណុចសំខាន់ៗដូចជាការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ទៅលើអ៊ីរ៉ង់, ការសហការគ្នារវាងអាមេរិក និងអ៊ីរ៉ង់នៅក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល, លុបចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបរបស់អ៊ីរ៉ង់, ពង្រឹងតួនាទីរបស់ទីភ្នាក់ងារអាតូមិចអន្តរជាតិ (IAEA) និងធានាការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។

មន្ត្រីរដ្ឋាភិបាលអេហ្ស៊ីបចាប់ទុកផែនការ១៥ចំណុចនេះមានលក្ខណៈលម្អិត និងស៊ីជម្រៅល្អណាស់។ ប៉ុន្តែផែនការនេះត្រូវគេចាត់ទុកថាជាចំណុចគោលតែប៉ុណ្ណោះមុននឹងឈានដល់ការពិភាក្សាគ្នាបន្ថែមទៀត។ ម៉្យាងទៀត ខាងភាគីអ៊ីរ៉ង់នៅតែមិនទាន់ជឿទុកចិត្តទៅលើរដ្ឋាភិបាលរបស់លោកដូណាល់ត្រាំនៅឡើយទេ។ គេអាចមើលឃើញអំពីមន្ទិលសង្ស័យរបស់អ៊ីរ៉ង់តាមរយៈការបង្ហោះសារនយោបាយជាហូរហែ។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសប៉ាគីស្ថានថ្លែងថាគ្មានការចរចាគ្នាជាមួយអាមេរិកកើតឡើងនៅឡើយទេ មិនថាចរចាដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី។ ប៉ុន្តែលោកទទួលស្គាល់ថាក្រុមប្រទេសជាមិត្តកំពុងនិយាយអូសទាញឱ្យភាគីទាំង២ចូលតុចរចា។

ខាងយោធាអ៊ីរ៉ង់វិញហាក់បង្ហាញជំហរដាច់ខាតថាត្រូវតែធ្វើសង្គ្រាមជាបន្តទៀត។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់និយាយសើចចំអកឱ្យអាមេរិកថាអ៊ីរ៉ង់នឹងមិនទទួលយកលក្ខខណ្ឌរបស់អាមេរិកជាដាច់ខាត។ បើអ្នកបរាជ័យហើយ សូមកុំចាត់ទុកថានោះជាកិច្ចព្រមព្រៀងឱ្យសោះ។ លោកដូណាល់ត្រាំបានអះអាងកាលពីមុននេះថាអ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀង។ ប្រទេសប៉ាគីស្ថានបានលេចមុខលេចមាត់ជាប្រទេសដែលជួយរត់ការនៅក្នុងការចរចាគ្នាលើកនេះ។

ដំណឹងស្ដីពីការចរចាគ្នានេះធ្វើឱ្យអ៊ីស្រាអែលភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះប្រទេសនេះចង់វាយប្រហារគ្នាជាបន្តទៀត និងចង់ដាក់សម្ពាធទៅលើអ៊ីរ៉ង់។ ឥឡូវនេះ ចំណុចសំខាន់នៅត្រង់ថាគេមិនដឹងច្បាស់ថាតើខាងភាគីអ៊ីរ៉ង់ក្រុមណាជាអ្នកតំណាង, តើអ៊ីរ៉ង់នឹងទាមទារលក្ខខណ្ឌអ្វីខ្លះ ហើយតើសំណើទាំងនោះអាចបិទបញ្ចប់ការវាយប្រហារគ្នាដែលនៅតែបន្តដូចសព្វថ្ងៃនេះដែរឬទេ។ វិមានក្រឹមឡាំងអះអាងថាខ្លួនមិនទាន់ទទួលដំណឹងតាមរយៈអ៊ីរ៉ង់ថាអាមេរិកមានផែនការ១៥ចំណុចនោះទេ ។ ដូច្នេះខ្លួនមិនទាន់អាចវាយតម្លៃអំពីដំណឹងនេះថាគួរឱ្យជឿទុកចិត្តនោះឡើយ៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ