រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៥ឬ ៦ឆ្នាំកន្លងទៅនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវគោលនយោបាយសំខាន់២កាលពីឆ្នាំ២០១៣-២០១៤ រហូតមកដល់បច្ចុប្បន្ននេះការអភិវឌ្ឍ ឬការពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិលនៅតាមក្រសួង ស្ថាប័ននូវមិនទាន់អាចឆ្លើយតបបាននៅឡើយនោះទេ ពោលគឺនៅជួបបញ្ហាប្រឈម។ នេះបើតាមការឲ្យដឹងរបស់លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញលើការបណ្តុះបណ្តាលនិងតម្រូវការនៃការកសាងសមត្ថភាពមន្ត្រីរាជការស៊ីវិល« កាលពីថ្ងៃទី៥ ខែវិច្ឆិកាម្សិលមិញនេះលោក ពេជ្រ ប៊ុនធិន បានឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវគោលនយោបាយ ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ នៅឆ្នាំ២០១៣និងគោលនយោបាយគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៤។ តាមរយៈការអនុវត្តគោលនយោបាយទាំង២នេះ បញ្ហាប្រឈមមួយចំនួនបាននិងកំពុងកើតមានឡើងដែលតម្រូវឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ក្នុងការរកដំណោះស្រាយសំដៅពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិលដើម្បីបម្រើសេវាសាធារណៈបានល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងលើកកម្ពស់ការប្រកួតប្រជែងក្នុងកម្រិតតំបន់និងពិភពលោក។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «បញ្ហាប្រឈមទាំងនោះមាន ៖១-)សមត្ថភាពស្ថាប័ននិងធនធានមនុស្សរបស់ក្រសួងស្ថាប័ននៅមិនទាន់ឆ្លើយតបពេញលេញទៅនឹងសេចក្តីត្រូវការនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល, ២-) ការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីរាជការស៊ីវិលក្នុងស្ថាប័នរដ្ឋ មិនទាន់មានលក្ខណៈជាកាតព្វកិច្ចនិងជាប្រព័ន្ធ, ៣-) ការសិក្សាអំពីតម្រូវការនៃការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីរាជការនៅមិនទាន់មានលក្ខណៈពេញ លេញនិងទូលំទូលាយ, ៤-) មិនទាន់មានផែនការមេសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិល និង៥-) ពុំទាន់មានប្រព័ន្ធទិន្ន័យសម្រាប់គ្រប់គ្រងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការជាដើម»។
លោកបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងបរិបទ និងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៦នៃរដ្ឋសភា បានគូសបញ្ជាក់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤និងបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ពាក់ព័ន្ធនឹងការកែទម្រង់រដ្ឋបាលសាធារណៈគឺរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅជាអាទិភាព៖១-) ការកែទម្រង់និងលើកកម្ពស់សមត្ថភាពស្ថាប័នការងារ,២-) ការពង្រឹងភាបស្អាតស្អំក្នុងស្ថាប័នសាធារណៈ, ៣-)ការពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារ និង៤-) ការពង្រឹងអភិបាលកិច្ចវិស័យឯកជន។
បើតាមលោករដ្ឋមន្ត្រី ការពង្រឹងនិងការកែលម្អដំណើរការនៃការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សគឺជាកិច្ចការគន្លឹះ និងមានសារៈសំខាន់ បំផុតក្នុងការប្រែក្លាយធនធានមនុស្សនៅក្នុងវិស័យសាធារណៈឱ្យកាន់តែមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់និងប្រសិទ្ធភាពក្នុងការបំពេញការងារដែលនឹងក្លាយជាមូលដ្ឋានមនុស្សរបស់សង្គមកម្ពុជាទាំងមូល។លើសពីនេះការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការគឺជាការវិនិយោគមួយដែលមានលក្ខណៈជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ អភិវឌ្ឍន៍ចំណេះដឹងនិងជំនាញរបស់មន្ត្រីរជការដោយផលចំណេញមានលក្ខណៈអរូបិយ និងប្រើប្រាស់សម្រាប់រយៈពេលយូរអង្វែង។
លោក ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលមានគោលបំណងសំខាន់ផ្តោតលើការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការស៊ីវិល របស់កម្ពុជា តាមរយៈការកសាងចំណេះដឹងជំនាញនិងលទ្ធភាពបំពេញការងារនិងតាមរយៈការផ្លាស់ប្តូរជាបណ្តើរៗនូវអាកប្បកិរិយាផ្តល់គំនិតនិងឥរិយាបទក្នុងការបំពេញការងាររបស់មន្ត្រីរាជការឱ្យប្រែក្លាយពីអ្នកត្រួតត្រាទៅជាអ្នកផ្តល់សេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាពជូនប្រជាជន ព្រមទាំងដើម្បីបង្កើនគុណភាពក្នុងពេលបច្ចុប្បន្ននិងត្រៀមខ្លួនសម្រាប់ប្រឈមនិងការងារនាពេលអនគាត៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ